ចិនជំរុញឱ្យ G7 បញ្ឈប់ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា
ប៉េកាំង៖ប្រទេសចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយទាក់ទងនឹងប្រទេសចិនដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេស G7។ ចិនបានជំរុញឱ្យប្លុកនេះបញ្ឈប់ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា នេះបើយោងតាមស្ថានទូតចិនប្រចាំនៅប្រទេសជប៉ុន ដែលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែវិច្ឆិកា។
គួររំឭកថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេស G7 នៅទីក្រុងតូក្យូ ដែលមានរយៈពេលពីរថ្ងៃ បានបិទបញ្ចប់ហើយកាលពីថ្ងៃពុធ។ កិច្ចប្រជុំនោះគឺផ្តោតសំខាន់លើការអំពាវនាវឱ្យមានការផ្អាកប្រយុទ្ធគ្នារវាងភាគីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដើម្បីអាចឱ្យក្រុមមនុស្សធម៌ចូលទៅផ្តល់ជំនួយ និងសម្រួលដល់ការដោះលែងចំណាប់ខ្មាំង។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមសមាជិកប្រទេស G7 បានអំពាវនាវឱ្យចិនដោះស្រាយគោលនយោបាយដែលមិនស្របតាមគោលការណ៍ទីផ្សារសេរីរបស់ខ្លួន បញ្ឈប់ផ្តល់ជំនួយដល់រុស្ស៊ីក្នុងជម្លោះជាមួយអ៊ុយក្រែន រក្សាសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ និងផ្តល់ស្វ័យភាពកម្រិតខ្ពស់ដល់ទីក្រុងហុងកុង។
ជាការឆ្លើយតប ស្ថានទូតចិនប្រចាំនៅប្រទេសជប៉ុនបានថ្លែងថា «ប្រទេសចិននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការប៉ុនប៉ងណាមួយរបស់ប្រទេសដទៃ ដែលធ្វើឡើងដោយចេតនាអាក្រក់ និងមានបំណងដើម្បីផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន»។ ចិនក៏បានសម្តែងការជំទាស់យ៉ាងខ្លាំងចំពោះប្រទេសមួយចំនួនដែលព្យាយាមដាក់កម្រិតសកម្មភាពរបស់ចិនទាក់ទងនឹងកោះតៃវ៉ាន់។
ដោយឡែក ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉េន (Tsai Ing-wen) ដែលជាមេដឹកនាំដែនកោះប្រជាធិបតេយ្យមួយនេះ បានសម្តែងការប្តេជ្ញាចិត្តក្នុងការសហការជាមួយក្រុមប្រទេសសមាជិក G7 ក្នុងគោលបំណងឈានឆ្ពោះទៅរកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។
ទីក្រុងប៉េកាំងក៏បានសម្ដែងការខកចិត្តនៅពេលដែលមានការរិះគន់ចិនពាក់ព័ន្ធនឹងរឿងតៃវ៉ាន់ និងហុងកុង ហើយចិនមើលឃើញថា ការរិះគន់នេះគឺជាការជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ខ្លួន។ កោះតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យមួយ គឺជាប្រធានបទដ៏សំខាន់ ព្រោះតែចិនតែងតែអះអាងថា កោះនេះជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែតៃវ៉ាន់តែងតែបដិសេធចំពោះការអះអាងនេះ។
កន្លងមក ប្រទេសលោកខាងលិចតែងតែប្រាប់ទីក្រុងប៉េកាំងឱ្យគោរព និងការពារគោលការណ៍ប្រជាធិបតេយ្យ សេរីភាព និងស្វ័យភាពរបស់ហុងកុង ដែលពួកគេជឿថាបានធ្លាក់ចុះចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ច្បាប់សន្តិសុខជាតិនៅឆ្នាំ២០២០។
ទីក្រុងហុងកុងបានត្រលប់មកស្ថិតក្រោមការគ្រប់គ្រងរបស់ចិនពីការគ្រប់គ្រងរបស់អង់គ្លេសនៅឆ្នាំ១៩៩៧ ជាមួយនឹងការធានាថា សេរីភាពរបស់ហុងកុងនឹងត្រូវបានរក្សានៅក្រោមគោលការណ៍ដឹកនាំ ប្រទេសមួយ ប្រព័ន្ធពីរ យ៉ាងហោចណាស់ឱ្យបាន ៥០ ឆ្នាំ៕
ប្រែសម្រួល៖ ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia China urges G7 to stop ‘inciting confrontation’