ឥណ្ឌូណេស៊ី បើកដំណើរការរោងចក្រថាមពលព្រះអាទិត្យអណ្តែតលើទឹកដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍

ហ្សាការតា៖ប្រទេសឥណ្ឌូណេស៊ីបានបើកដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យអណ្តែតលើទឹកដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាគម្រោងមានតម្លៃស្មើនឹង ១៤៣ លានដុល្លារអាមេរិក ដែលត្រូវបានគេរំពឹងថានឹងអាចផលិតថាមពលអគ្គិសនីចំនួន ២៤៥ ជីហ្កាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ពោលគឺគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ថាមពលរហូតដល់ទៅ ប្រាំម៉ឺនគ្រួសារ។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានហៅគម្រោងនេះថាជាសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញទ្រង់ទ្រាយធំរបស់ប្រទេសឥណ្ឌូណេស៊ី។ លោក​បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​កិច្ចសហការ​ដ៏​ជោគជ័យ​រវាងក្រុមហ៊ុន PLN របស់ឥណ្ឌូណេស៊ី និងក្រុមហ៊ុន Masdar របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
លោក វីដូដូ ថ្លែងថា «បន្ទះស្រូបពន្លឺព្រះអាទិត្យអណ្តែតទឹកនៅលើអាងស្តុកទឹកឈ្មោះថា ជីរ៉ាតា (Cirata) គឺជាបន្ទះថាមពលដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងធំជាងគេទីបីនៅទូទាំងពិភពលោក»។

គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យដំបូងបង្អស់របស់ប្រទេសឥណ្ឌូណេស៊ីនេះ ត្រូវបានពន្យារពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែទីបំផុតវាត្រូវបានបើកដំណើរការហើយ នៅមុនកិច្ចប្រជុំអាកាសធាតុ COP28 ដែលនឹងឈានមកដល់នៅចុងខែនេះ នៅឯប្រទេសប្រទេសអេមីរ៉ាតអារ៉ាប់រួម។ បច្ចុប្បន្ន ថាមពលកកើតឡើងវិញមានចំនួន ១៥ភាគរយ នៃថាមពលសរុបរបស់ប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែប្រទេសនេះមានគោលបំណងបង្កើនវាឱ្យបានដល់ ២៣ភាគរយ នៅឆ្នាំ២០២៥។

ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេទីបួនរបស់ពិភពលោក តែងតែបានសន្យាថានឹងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិករបស់ខ្លួនចំនួន ៤៣,២ភាគរយនៅត្រឹមឆ្នាំ២០៣០ និងឈានដល់គោលដៅសូន្យកាបូននៅត្រឹមឆ្នាំ២០៦០។ រោងចក្រថាមពលពន្លឺព្រះអាទិត្យអណ្តែតនៅអាងស្តុកទឹកជីរ៉ាតានេះ ត្រូវបានគេរំពឹងថានឹងជួយប្រទេសឥណ្ឌូណេស៊ី កាត់បន្ថយការបញ្ចេញកាបូនរបស់ខ្លួនចំនួន ២១៤ ពាន់តោនក្នុងមួយឆ្នាំ។ គួរបញ្ជាក់ដែរថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បានអនុញ្ញាត​ឱ្យ​មាន​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ អាច​គ្របដណ្ដប់​លើ​ផ្ទៃ​បឹងស្តុកទឹក ​ឬ​ទំនប់មួយនេះ​រហូត​ដល់ ២០ភាគរយ។

គួររំឭកថា មួយសប្តាហ៍មុនការសម្ពោធរោងចក្រថាមពលនេះ ប្រទេសឥណ្ឌូណេស៊ីបានបញ្ចប់ផែនការដំបូងរបស់ខ្លួនក្នុងការជំរុញថាមពលកកើតឡើងវិញ និងកាត់បន្ថយថាមពលធ្យូងថ្មតាមរយៈគោលនយោបាយ ភាពជាដៃគូផ្លាស់ប្តូរថាមពលស្អាត (Just Energy Transition Partnership)។ មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌូណេស៊ីក៏មានគម្រោងអាទិភាពចំនួន ៤០ គម្រោងបន្ថែមទៀត។ គម្រោងទាំងអស់នេះកំពុងបង្កើនក្តីសង្ឃឹមថា ការផ្តល់ហិរញ្ញប្បទានចំនួន ២០ ប៊ីលានដុល្លារដែលសន្យាដោយប្រទេសអភិវឌ្ឍន៍ នឹងចាប់ផ្តើមផ្ដល់ជូនឥណ្ឌូណេស៊ីបណ្ដើរៗហើយ ប៉ុន្តែរហូតមកទល់ពេលនេះ គ្មានថវិកា​ណា​មួយ​ត្រូវ​បានបញ្ជូន​ទៅឱ្យឥណ្ឌូណេស៊ីនៅ​ឡើយ​ទេ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PLN លោក ដាម៉ាវ៉ាន ប្រាសូចូ (Darmawan Prasodjo) បានមានប្រសាសន៍ថា «ក្រុមហ៊ុន PLN និងក្រុមហ៊ុន Masdar បានបង្កើតប្រព័ន្ធអេកូឡូស៊ីដែលអាចលើកទឹកចិត្តដល់ការវិនិយោគ និងការសហការគ្នា។ យើងនឹងធ្វើការរួមគ្នាលើការច្នៃប្រឌិតបច្ចេកវិទ្យាការវិនិយោគនិងប្រតិបត្តិការគម្រោងថាមពលមួយនេះ»។ លោកបាន​បន្ថែមថា «យើងនឹងបង្កើនសមត្ថភាពថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ពី ៥ ជីហ្កាវ៉ាត់ម៉ោង ទៅ ២៨ ជីហ្កាវ៉ាត់ម៉ោងបន្ថែមទៀតដោយប្រើប្រាស់ប្រព័ន្ធក្រឡា​ចត្រង្គ​ឆ្លាតវៃ (Smart-grid)»។

បន្ថែមលើនេះ នាយកប្រតិបត្តិក្រុមហ៊ុន Masdar ប្រចាំនៅប្រទេសឥណ្ឌូណេស៊ី អ្នកស្រី​ ហ្វាទីម៉ា អាល់ម៉ាដលួម អៃស៊ូវ៉ាយឌី (Fatima AlMadhloum Al Suwaidi) បានសម្ដែងការរំភើបចិត្តចំពោះលទ្ធភាពដែលក្រុមហ៊ុនរបស់អ្នកស្រី អាចចូលរួមជួយជ្រោមជ្រែងក្នុងគម្រោង ភាពជាដៃគូផ្លាស់ប្តូរថាមពលស្អាត។ អ្នកស្រីបាននិយាយថា «ក្រុមហ៊ុន Masdar ចាប់អារម្មណ៍ក្នុងការពិភាក្សាអំពីឱកាសវិនិយោគ ហើយយើងកំពុងពិភាក្សាជាមួយក្រុមហ៊ុន PLN អំពីគម្រោងមួយចំនួនទៀត»។

ថ្មីៗនេះ ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្តើមគម្រោងផ្លាស់ប្តូរកាបូន ប៉ុន្តែមានតែគម្រោងពីរប៉ុណ្ណោះដែលបានលក់ឥណទានកាបូន។ ដោយឡែក ក្រុមហ៊ុន PLN មិន​បាន​បញ្ជាក់ច្បាស់នោះទេថា​តើខ្លួននឹងមាន​គម្រោង​លក់​ឥណទាន​កាបូន​ពី​គម្រោង​រោងចក្រថាមពលជីរ៉ាតាឬក៏យ៉ាងណានោះទេ៕

ប្រែសម្រួល៖ ធា សុណា

ប្រភពព័ត៌មាន៖ Nikkei Asian Indonesia launches Southeast Asia’s ‘largest’ floating solar plant

ads banner