ក្រសួងកសិកម្ម និងសហភាពសហគមន៍ កសិកម្មបន្លែសុវត្ថិភាព កម្ពុជា សហការ គ្នា ត្រៀមរៀបចំនាំចេញចំណិតដំឡូងមីក្រៀម ចេញទៅប្រទេសចិន

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលរួមពិភាក្សា លើការត្រៀមរៀបចំពិធីនាំចេញចំណិតដំឡូងមីក្រៀម ត្រង់ទៅ ប្រទេសចិន ជាមួយសហភាពសហគមន៍កសិកម្ម បន្លែសុវត្ថិភាព កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។

ក្នុងកិច្ចប្រជុំនេះ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានស្នើ ឯកឧត្តមរដ្ឋមន្ត្រី ចំនួន ៣ចំណុច គឺធ្វើលិខិតអញ្ជើញភាគី ចិន ចូលរួមដើម្បីគាំទ្រការនាំចេញ។ បន្ថែមពីការងារពាក់ព័ន្ធ នឹងដំឡូងមី សហគមន៍បានស្នើឯកឧត្តមរដ្ឋមន្ដ្រី ទាក់ទាញ អ្នកវិនិយោគបន្ថែមទៀតលើការងារស្រូវអង្ករ ក៏ដូចជាស្វែងរកការ គាំទ្រពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

ជាការឆ្លើយតប ឯកឧត្តម ឌិត ទីណា បានទទួលយកសំណើទាំង៣ ហើយក្រសួងនឹងជួយរៀបចំឱ្យមានការគាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀមនេះ។ ជាមួយគ្នានេះដែរ ក្រសួងនឹងជំរុញអ្នកវិនិយោគ ចិន ឱ្យមកវិនិយោគបន្ថែមលើការងារស្រូវអង្ករ ព្រមទាំងផលិតផល សក្តា នុពលផ្សេងទៀត ដូចជាស្វាយចន្ទី និងមៀនប៉ៃលិនជាដើម ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងនឹងជំរុញសហគមន៍កសិកម្មគម្រូថ្មី ដែលមានថវិកា ធនធានមនុស្ស មានបទពិសោធន៍ មានរចនាសម្ព័ន្ធ ដឹកនាំច្បាស់លាស់ រឹងមាំ និងមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ដែលកាត់បន្ថយថ្លៃដើមផលិត សម្រាប់ផ្គត់ផ្គង់ផលិតផលមាន គុណភាព តាមតម្រូវការទីផ្សារ ប្រកបដោយនិរន្តរភាព ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner