ឯកឧត្តម ស្រី ឌឹក៖ វិស័យសាសនាក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានលុប បំបាត់ចោល ផ្ទុយពីបច្ចុប្បន្នដែលយើងម្នាក់ៗមានសិទ្ធិសេរីភាព និងឱកាសធ្វើបុណ្យបានគ្រប់ៗគ្នា
ព្រះវិហារ៖ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ចាន់ សាមីស្រីឌឹក អមដំណើរដោយឯកឧត្តមប្រធាន អនុប្រធានក្រុមការងារចុះជួយតាមមូលដ្ឋាន នៅក្នុងស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ កាលពីទី២១ ខែកក្កដា ឆ្នាំ២០១៩ បានដង្ហែនាំយកទៀនព្រះវស្សាចំនួនពីរគូ និងទេយ្យទាន រួមនឹងបច្ច័យទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សា នៅក្នុងទីអារាមវត្តកែវសិក្ខាគិរីស្វារៈ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត ថ្លែងថា ជំនឿ និងការគោរពប្រតិបត្តិសាសនា «ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានបំផ្លាញចោលអស់ទាំងស្រុង ប្រជាជនគ្រប់រូបរស់នៅក្នុងទុក្ខវេទនា»។ ពោលគឺមិនមានឱកាសធ្វើបុណ្យ និងកាន់ជំនឿសាសនាអ្វីទាំងអស់ តាមប្រវត្តិសាស្ត្រយើងធ្លាប់ ដឹងទាំងអស់គ្នាហើយថា ក្នុងពេលប្រទេសមានសង្គ្រាម ប្រជាជនគឺរស់នៅលំបាកវេទនា ពុំមាននណាម្នាក់មានឱកាស និងពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើបុណ្យ គោរពប្រតិបត្តិសាសនា ទៅតាមសេរីភាពនៃចិត្តខ្លួនឯងបាននោះទេ។

ឯកឧត្តមបន្តថា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត អ្វីៗគ្រប់យ៉ាងត្រូវបានបំផ្លាញទាំងស្រុង ក្នុងនោះជំនឿសាសនាទាំងអស់ ក៏ត្រូវបានលុបបំបាត់ ពលរដ្ឋកម្ពុជាម្នាក់ៗ រស់នៅក្នុងទុក្ខលំបាក គ្មានសិទ្ធសេរីភាព ផ្ទុយពីបច្ចុប្បន្ន ដែលយើងម្នាក់ៗគឺមានសិទ្ធិសេរីភាព និងឱកាសក្នុងការធ្វើបុណ្យ គោរពប្រតិបត្តិបានគ្រប់សាសនា ទាំងនេះក៏ព្រោះតែសង្គមជាតិយើង មានសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ បានវេរប្រគេនទៀនព្រះវស្សា និងទេយ្យទាន រួមមាន៖ ទៀនព្រះវស្សាចំនួន២គូ ប្រេងម៉ាស៊ូត១៥០លីត្រ ឃីតមួយចំនួនធំ និងបច្ច័យប្រគេនព្រះសង្ឃចំនួន២អង្គ ក្នុង១អង្គ៨០ម៉ឺនរៀល និងចែកជូនថវិកាដល់លោកយាយ លោកតា កងកម្លាំងប្រចាំការ ការពារប្រាសាទព្រះវិហារ សរុប២លានរៀល៕ធ.ដ


