ប្រជាជនអាហ្វហ្គានីស្ថានដែលត្រូវបណ្តេញចេញពីប៉ាគីស្ថាន កសាងជីវិតថ្មីផ្តើមពីចំនុចសូន្យ

កាប៊ុល៖ មន្ត្រីព្រំដែននិយាយថា យ៉ាងហោចណាស់ជនជាតិអាហ្វហ្គានីស្ថាន ២១០,០០០នាក់ បានឆ្លងកាត់ចំណុចព្រំដែន Torkham ចាប់តាំងពីប៉ាគីស្ថានបានបញ្ជាឱ្យអ្នក ដែលមិនមានឯកសារស្របច្បាប់ចាកចេញពីប្រទេសខ្លួន។

ជនភៀសខ្លួនជាច្រើនដែលចាកចេញពីប៉ាគីស្ថាន បានបែកខ្ញែកគ្នាធ្វើដំណើរទៅកាន់ខេត្តនានាក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាមួយនឹងប្រាក់ឧបត្ថម្ភប្រហែល ២០៥ដុល្លារ ដែលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារបានមួយខែប៉ុណ្ណោះ។ លោក Sher Aga អតីតសន្តិសុខនៅប៉ាគីស្ថាន បានរៀបរាប់ដោយទឹកមុខស្រពោនថា យើងគ្មានកន្លែងត្រូវទៅទេ យើងគ្មានផ្ទះសម្បែង ឬដីធ្លី ហើយខ្ញុំក៏គ្មានការងារធ្វើដែរ។

គាត់បានអោបកូនៗទាំង ៩ នាក់របស់គាត់ និងរបស់របរទាំងអស់ក្នុងគ្រួសារដាក់ក្នុងឡានដឹកដី ធ្វើដំណើរទៅភាគខាងជើង ឆ្ពោះទៅខេត្តឃុនដឹស ជាស្រុកកំណើតរបស់គាត់។ ប៉ុន្តែបុរសវ័យ ៤៣ឆ្នាំរូបនេះ មិនមានការចងចាំពីប្រទេសកំណើតរបស់ខ្លួនឡើយ ព្រោះគាត់បានចាកចេញពីអាហ្វហ្គានីស្ថានកាលពីអាយុ ៥ឆ្នាំម្ល៉េះ។ គាត់បានប្រាប់សារព័ត៌មាន AFP ថា ខ្ញុំមិនមានគ្រួសារនៅអាហ្វហ្គានីស្ថានទេ… កូនខ្ញុំសួរខ្ញុំថា តើយើងនឹងទៅប្រទេសណា?។

ចំណែកលោកយាយអាយុ ៤៦ឆ្នាំ ដែលអោបចៅនៅលើភ្លៅគាត់ បានរៀបរាប់ថា ក្នុងរយៈពេល ៥ថ្ងៃទៀត ពួកគាត់នឹងចាកចេញទៅខេត្តឃុនដឹស ដើម្បីចាប់ផ្តើមជីវិតថ្មីនៅប្រទេសអាហ្វហ្គានីស្ថាន ជាទីកន្លែងដែលគាត់មិនធ្លាប់ទៅសោះ ក្នុងរយៈពេល ៤ទសវត្សរ៍។ លោកយាយបន្ថែមថា យើងខ្លាចភាពអត់ឃ្លាន ប៉ុន្តែប្រសិនបើយើងរកការងារធ្វើបាន វាមិនអីទេ… យើងនឹងសប្បាយចិត្តរស់នៅស្រុកកំណើតរបស់យើង ពីព្រោះនៅប្រទេសប៉ាគីស្ថាន យើងត្រូវបានគេយាយី។

យោងតាមរបាយការណ៍បានឱ្យដឹងថា មានជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន ២.៥លាននាក់រស់នៅក្នុងប្រទេសប៉ាគីស្ថាន ហើយចំនួនប្រហាក់ប្រហែលគ្នានេះ ក៏មាននៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។ ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៤០០,០០០នាក់បានត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ក្នុងរយៈពេល ២ខែចុងក្រោយនេះ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner