មុខវិជ្ជាអប់រំកាយបែបថ្មីអាចជួយឲ្យសិស្សអភិវឌ្ឍខ្លួនក្លាយជាអ្នកកីឡាអាជីព
(ភ្នំពេញ)៖ មុខវិជ្ជាអប់រំកាយបែបថ្មី កីឡាដើម្បីទាំងអស់គ្នា ដែលចង ក្រង រៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរបស់ជប៉ុន សហការ ជាមួយក្រសួងអប់រំយុវជន និងកីឡា បានចាប់ផ្តើមផ្សព្វផ្សាយ ជាជំហ៊ានៗ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ក្នុងខណ្ឌគោលដៅចំនួន ៥មានដូចជា៖ ខណ្ឌខណ្ឌច្បារអំពៅ ដង្កោ ទួលគោក ចំការមន និង មាន ជ័យ និងខេត្តគោលដៅចំនួន២ដូចជាខេត្តស្វាយរៀង និង ខេត្តបាត់ដំបង ។
មុខវិជ្ជាអប់រំកាយបែបថ្មីនេះ បានចាប់ផ្តើមអនុវត្តគម្រោងផ្សព្វផ្សាយ ក្នុងឆ្នាំ២០១៩ ដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ហើយ ការ ផ្សព្វ ផ្សាយនេះ គឺបានផ្តោតសំខាន់តែលើការបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូចាប់ពីថ្នាក់បឋមទៅដល់ថ្នាក់វិទ្យាល័យ ក្នុងនោះ សម្រាប់លោក គ្រូអ្នកគ្រូថ្នាក់បឋមសិក្សាមាន៧មុខវិជ្ជា និងថ្នាក់ អនុវិទ្យាល័យ និង វិទ្យាល័យមានបណ្តុំ៧មុខវិជ្ជារង ។ នៅក្នុង មុខ វិជ្ជា អប់រំកាយបែបថ្មី មានប្រភេទកីឡាជំនាញជាច្រើនត្រូវបានដាក់បញ្ចូលកម្មវិធីសិក្សារបស់សិស្សជួយឲ្យសិស្សមានសុខភាពមាំមួន និងអាចចាប់យកកីឡាជំនាញ ណាមួយដែលពួកគាត់ចូលចិត្តចាប់យកជាកីឡាអាជីពផងដែរ។ ព្រោះនៅក្នុងការបង្រៀនមុខវិជ្ជាអប់រំកាយបែបថ្មីនេះ គឺបានបង្រៀនមូលដ្ឋានគ្រឹះនៃកីឡាជំនាញចាប់តាំងពីថ្នាក់បឋមសិក្សាមករហូតដល់ថ្នាក់វិទ្យាល័យ ។
កញ្ញា វង្ស វិល័យ ជំនួយការគម្រោងរបស់អង្គការបេះដូងមាស បានបញ្ជាក់ឲ្យដឹងដែរថា មុខវិជ្ជាអប់រំកាយបែបថ្មីនេះ តាមគម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស គឺនឹងធ្វើការបណ្តុះបណ្តាលជូនលោកគ្រូអ្នកគ្រូក្នុងខណ្ឌគោលដៅក្នុងរាជធានីភ្នំពេញចំនួន៥ និងខេត្តចំនួន២ ចាប់ពីឆ្នាំ២០១៩ ដល់ដើម ឆ្នាំ២០២៥ ដោយអញ្ជើញអ្នកគ្រូលោកគ្រូ ថ្នាក់បឋមសិក្សា និងថ្នាក់ អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យមកចូលរួមសិក្ខាសាលារៀនទាំងទ្រឹស្តី និងអនុវត្តផ្ទាល់ជាមួយគ្រូជំនាញនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។
អ្នកគ្រូ ផៃ ឃីម មកពីសាលាបឋមសិក្សា ហ៊ុន សែន ចក្រអង្រែ បង្រៀន ថ្នាក់ទី៥ ចូលរួមក្នុងសិក្ខាសាលា បញ្ជាក់ឲ្យដឹងដែរថា មុខវិជ្ជាអប់រំកាយ បែបថ្មីនេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ អាចជួយឲ្យសិស្ស មាន សុខភាពល្អ និងអាចឲ្យសិស្សមានការសប្បាយចិត្តចូលរួម អនុវត្ត ជាមួយលោកគ្រូអ្នកគ្រូ ហើយ វាក៏អាចឲ្យសិស្សចាប់យក ជំនាញ កីឡា ណា មួយហ្វឹកហាត់អភិវឌ្ឍខ្លួនក្លាយជាអ្នកកីឡាអាជីព នៅថ្ងៃ អនាគតផងដែរ។
គោលដៅបណ្តុះបណ្តាលវិជ្ជាអប់រំកាយបែបថ្មី នៃគម្រោងកីឡាដើម្បីទាំងអស់គ្នា របស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរបស់ជប៉ុន ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជានេះ នឹងផ្តល់ចំណេះដឹងដល់លោកគ្រូអ្នកគ្រូក្នុងខណ្ឌគោលដៅចំនួន១៤ក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន២មានខេត្តស្វាយរៀង និងខេត្តបាត់ដំបង ដែលគម្រោងនេះចាប់ផ្តើមពីឆ្នាំ២០១៩ នឹងបញ្ចប់នៅដើមឆ្នាំ២០២៥៕
រូបភាព ៖ ជី ភារ៉ា អត្ថបទ ៖ ជាវ ចន្ធូ









