ប្រធានាធិបតីម៉ាល់ឌីវ ប្តេជ្ញាបណ្តេញកងទ័ពឥណ្ឌាចេញពីកោះនេះ

ម៉ាល៖ នៅក្នុងសុន្ទរកថាលើកដំបូងទៅកាន់ប្រជាជាតិ ក្រោយស្បថចូលកាន់អំណាចជាផ្លូវការ ប្រធានាធិបតីម៉ាល់ឌីវ លោក ម៉ូហាម៉េដ ម៊ូអ៊ីហ៊្សូ បានប្តេជ្ញាថា នឹងបណ្តេញកងទ័ពឥណ្ឌា ដែលដាក់ពង្រាយនៅក្នុងប្រជុំកោះ មានទីតាំងជាយុទ្ធសាស្ត្រមួយនេះ។

ប្រធានាធិបតីម៉ាល់ឌីវ លោក ម៉ូហាម៉េដ ម៊ូអ៊ីហ៊្សូ មិនបានបញ្ចេញឈ្មោះប្រទេសឥណ្ឌាចំៗទេ ប៉ុន្តែធ្លាប់បានសន្យាថា លោកនឹងធ្វើតាមការសន្យា អំឡុងយុទ្ធនាការបោះឆ្នោតរបស់គាត់ ដែលរឿងសំខាន់ក្នុងចំណោមនោះ គឺការសន្យាបណ្តេញបុគ្គលិកសន្តិសុខឥណ្ឌាពី ៥០ ទៅ ៧៥នាក់។

មេដឹកនាំម៉ាល់ឌីវមានវ័យ ៤៥ឆ្នាំរូបនេះ បាននិយាយបន្ទាប់ពីស្បថចូលកាន់តំណែង នៅចំពោះមុខប្រធានចៅក្រម Ahmed Adnan ក្នុងពិធីបើកមួយផ្សាយតាមកញ្ចក់ទូរទស្សន៍ថា ម៉ាល់ឌីវនឹងមិនអនុញ្ញាតឱ្យបុគ្គលិកយោធាបរទេសណាមួយ រក្សាវត្តមាននៅក្នុងប្រទេសខ្លួនឡើយ។

លោកថា នៅពេលកងទ័ពប្រទេសដទៃចូលជ្រៀតជ្រែកដល់សន្តិសុខរបស់យើង… ខ្ញុំនឹងគូសខ្សែបន្ទាត់ក្រហម… ហើយម៉ាល់ឌីវក៏នឹងគោរពខ្សែបន្ទាត់ក្រហម នៃប្រទេសដទៃទៀតដែរ។ កាលពីដើមសប្តាហ៍នេះ លោក ម៊ូអ៊ីហ៊្សូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ចេតនារបស់លោក គឺមិនមែនដើម្បីរក្សាតុល្យភាពក្នុងតំបន់ ដោយការជំនួសយោធាឥណ្ឌា ហើយដាក់កងទ័ពចិនវិញនោះទេ។

គួរបញ្ជាក់ថា ដោយត្រូវបានគេស្គាល់ទូទៅថា ជាគោលដៅវិស្សមកាលថ្លៃបំផុតមួយនៅតំបន់អាស៊ីខាងត្បូង ដោយសារតែឆ្នេរខ្សាច់ពណ៌សស្អាត និងរមណីយដ្ឋានស្ងប់ស្ងាត់នោះ កោះម៉ាល់ឌីវក៏បានក្លាយជាចំណុចក្តៅ នៃភូមិសាស្ត្រនយោបាយផងដែរ។

ម៉ាល់ឌីវពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ដែលតំណាងឱ្យ ២៨ភាគយនៃផលិតផលនៅក្នុងស្រុកសរុប (GDP) ខណៈវិស័យជលផល កសិកម្ម និងឧស្សាហកម្ម រួមទាំងដឹកជញ្ជូនជាវិស័យសំខាន់ៗបន្ទាប់បន្សំ។ កាលពីឆ្នាំ២០២២ ម៉ាលឌីវមាន GDP សរុប ៥.៥០២ពាន់លានដុល្លារ ឬជាប់ចំណាត់ថ្នាក់លេខ ១៥៨នៅលើពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner