គ្រោះរាំងស្ងួតក្នុងប្រវត្តិសាស្ត្ររបស់អេស្ប៉ាញ ជំរុញឱ្យតម្លៃប្រេងអូលីវកើនឡើងទូទាំងពិភពលោក
ម៉ាឌ្រីដ៖ អេស្ប៉ាញ ដែលជាប្រទេសផលិត និងនាំចេញប្រេងអូលីវឈានមុខគេរបស់ពិភពលោក កំពុងប្រឈមមុខនឹងផលិតកម្មធ្លាក់ចុះទាបបំផុត ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ដោយសារគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ នេះបើតាមការព្រមានរបស់លោក រ៉ាហ្វាអែល ពីកូ នាយកនៃសមាគមផលិតករ និងអ្នកនាំចេញប្រេងអូលីវ Asoliva។
លោក រ៉ាហ្វាអែល ពីកូ នាយកនៃសមាគមផលិតករ និងអ្នកនាំចេញប្រេងអូលីវ Asoliva និយាយថា រលកកំដៅ, កង្វះទឹកភ្លៀង និងមិនមានទឹកនៅក្នុងអាងស្តុកទឹកគ្រប់គ្រាន់ បាននាំឱ្យផលិតកម្មប្រេងអូលីវនៅក្នុងប្រទេសអេស្ប៉ាញ ដែលជាធម្មតា មានចំនួនមួយលានកន្លះ ថយចុះដល់ ៦៦៤,០០០តោន ដែលនេះជាកម្រិតទាបបំផុត ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។ លោក ពីកូ បានគូសបញ្ជាក់ថា អេស្ប៉ាញគឺជាប្រទេសផលិតប្រេងអូលូវដ៏សំខាន់។
ជាក់ស្តែង អេស្ប៉ាញបានរ៉ាប់រងការផលិតប្រេងអូលីវ ប្រហែលពាក់កណ្តាលនៃទិន្នផលរបស់ពិភពលោក។ ដូច្នេះការផ្លាស់ប្តូរតម្លៃផលិតកម្មណាមួយនៅក្នុងប្រទេសអេស្ប៉ាញ នឹងជះឥទ្ធិពលភ្លាមៗដល់ប្រទេសផលិតដទៃទៀត ជាពិសេសនៅពេលដែលប្រេងអូលីវនៅអេស្ប៉ាញឡើងថ្លៃ ប្រទេសផលិតផ្សេងទៀតក៏កើនឡើងតម្លៃផងដែរ។
យោងតាមក្រសួងកសិកម្មអេស្ប៉ាញ បានឲ្យដឹងថា ដោយសារតែមូលហេតុនៃការខ្វះខាតទឹក និងសីតុណ្ហភាពឡើងខ្ពស់បំផុត ផលិតកម្មប្រេងអូលីវរបស់អេស្ប៉ាញទទួលបានតែ ៦៦៤,០០០តោន នៅឆ្នាំ២០២៣នេះ បើធៀបនឹង ១,៤៨លានតោន នៅឆ្នាំ២០២២ ពោលគឺធ្លាក់ចុះរហូតដល់ ៥៥ភាគរយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា






