រុស្ស៊ីដកការហាមឃាត់នាំចេញប្រេងសាំងជាបណ្តោះអាសន្ន
មូស្គូ៖ រដ្ឋាភិបាលរុស្ស៊ីប្រកាសថា ខ្លួនកំពុងដកបម្រាមលើការនាំចេញប្រេងសាំងជាបណ្តោះអាសន្ន ដែលខ្លួនបានដាក់ក្នុងខែកញ្ញា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងតម្លៃ ដែលនាំឱ្យអតិផរណាក្នុងប្រទេសខ្លួនកើនឡើង។
ក្រសួងថាមពលរុស្ស៊ីបានលើកឡើងថា រដ្ឋាភិបាលបានសម្រេចដកបម្រាមគិតចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកាតទៅ លើការហាមឃាត់ការនាំចេញប្រេងសាំងជាបណ្តោះអាសន្ន ដែលរុស្ស៊ីបានអនុម័តកាលពីថ្ងៃទី២១ ខែកញ្ញា ជាផ្នែកមួយនៃវិធានការណ៍ ដើម្បីរក្សាស្ថិរភាពតម្លៃនៅលើទីផ្សារក្នុងស្រុក។
ក្រសួងថាមពលរុស្ស៊ីបានដាក់កំហិតលើការនាំចេញប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតជាបណ្តោះអាសន្ន ដើម្បីជៀសវាងកង្វះការផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក។ ទោះបីជាយ៉ាងណា តម្លៃប្រេងបានកើនឡើងលឿនជាងមុន បន្ទាប់ពីការប្រកាសរបស់រុស្ស៊ីខាងលើនេះ ដោយប្រេងប្រភេទ Brent កើនឡើង ៣.០៩ភាគរយ ដល់ ៧៩.៨១ដុល្លារក្នុងមួយបារ៉ែល។
ទន្ទឹមគ្នា តម្លៃប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិកបានកើនឡើង ៣.០២ភាគរយ ដល់ ៧៥.១០ដុល្លារក្នុងមួយបារ៉ែល។ ជុំវិញបញ្ហានេះដែរ ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមហ៊ុនប្រេងសំខាន់ៗរបស់រុស្ស៊ី បានអំពាវនាវឱ្យរដ្ឋាភិបាលលុបចោលការរឹតបន្តឹង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

