លោក ដូណាល់ ត្រាំ អះអាងជាថ្មីថា សហរដ្ឋអាមេ៉រិកពិតជាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់
សហរដ្ឋអាម៉រិក៖ យន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់មួយគ្រឿង ពិតជាត្រូវបាននាវាយោធាអាមេ៉រិកបាញ់ទម្លាក់ប្រាកដមែន នេះបើតាមការអះអាងជាថ្មីទៀតរបស់ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ។
ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងស្របពេលដែលអ៊ីរ៉ង់ក៏បានបញ្ចេញឃ្លីបវីដេអូមួយ ដែលចុះផ្សាយដោយស្ថានីយទូរទស្សន៍ក្នុងស្រុកអ៊ីរ៉ង់បង្ហាញឲ្យឃើញថា យន្តហោះដ្រូនអ៊ីរ៉ង់បានបញ្ចប់ប្រតិបត្តិការរបស់ខ្លួន នៅក្នុងតំបន់នោះ ហើយត្រឡប់មកបន្ទាយវិញដោយសុវត្ថិភាព មុនការបង្ហាញវត្តមានរបស់នាវាយោធាអាមេ៉រិកទៅទៀត ។
យ៉ាងណាមិញ ប្រធានាធិបតីអាមេ៉រិករូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯការិយាល័យសេតវិមានថា គ្មានមន្ទិលសង្ស័យចំពោះរឿងនេះឡើយ គឺយើងបានបាញ់ទម្លាក់វាប្រាកដណាស់ ។ ជាមួយគ្នានេះ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោក ចន បូលតុន ដែលមានវត្តមាននៅទីនោះដែរក៏បានអះអាងថា មិនបាច់ឆ្ងល់ទេ វាគឺជាយន្តហោះដ្រូនរបស់អ៊ីរ៉ង់ ហើយនាវាអាមេ៉រិក USS Boxer បានបាញ់កម្ទេចវាចោល ៕ធ.ដ



