ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតឯកភាពលើការដាក់ពង្រាយកងទ័ពអាមេ៉រិកក្នុងប្រទេសខ្លួន ដើម្បីលើកកម្ពស់សន្តិសុខក្នុងតំបន់
សហរដ្ឋអាមេ៉រិក៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត សាល់ម៉ាន់ បានព្រមព្រៀងឱ្យមានការដាក់ពង្រាយកងកម្លំាងអាមេ៉រិកនៅក្នុងប្រទេសរបស់ខ្លួន ស្ថិតក្នុងគោលបំណងលើកកម្ពស់សន្តិសុខ និងស្ថេរភាពក្នុងតំបន់ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ។
ស្របពេលជាមួយគ្នានោះដែរ មន្ទីរបញ្ចកោណក៏បានអនុញ្ញាតផងដែរ ឱ្យមានការបញ្ជូនកងកម្លាំងយោធា និងគ្រឿងបរិក្ខានានាទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីជួយទប់ស្កាត់ការគំរាមកំហែងដែលអាចនឹងកើតមានឡើង ។ ដោយឡែកទីបញ្ជាការដ្ឋានកណ្តាលអាមេ៉រិក (CENTCOM) នៅបន្តវាយតម្លៃកម្លាំងដែលមាននៅក្នុងតំបន់ ដោយពុំទាន់បានកំណត់ចំនួនយោធា និងប្រភេទធនធានជាក់លាក់ ដែលត្រូវបញ្ជូនទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅឡើយទេ ។
បើតាមការស្រង់សម្តីពីមន្ត្រីការពារជាតិអាមេ៉រិកពីររូប ទាហានអាមេ៉រិកចំនួន៥០០នាក់ត្រូវបានគេរំពឹងថា នឹងត្រូវដាក់ពង្រាយទៅកាន់មូលដ្ឋានទ័ពអាកាស ស៊ុលតង់ ដែលស្ថិតនៅតំបន់វាលខ្សាច់ភាគខាងកើតនៃរដ្ឋធានី រីយ៉ាត របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ៕ធ.ដ



