នាយឧត្តមសេនីយ៍ វង្ស ពិសេន ចូលរួមបិទសមយុទ្ធពហុសាសន៍៦ប្រទេសនៅប្រទេសចិន (Video Inside)
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ វង្ស ពិសេន បានចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមការបិទសមយុទ្ធពហុសាសន៍៦ប្រទេស នៅក្នុងប្រទេសចិន។
កម្ពុជា, ថៃ, ឡាវ, ម៉ាឡេស៊ី និងវៀតណាម បានចូលរួមធ្វើសមយុទ្ធរួមគ្នាមួយ ជាមួយនឹងប្រទេសចិន រយៈពេល១០ថ្ងៃនៅទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង។ សមយុទ្ធពហុសាសន៍ឈ្មោះ «សន្តិភាព-មិត្តភាព-ឆ្នាំ២០២៣» ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ និងគ្រោងបញ្ចប់នៅថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៣។ កម្លាំងកម្ពុជាដែលបានចូលរួមក្នុងសមយុទ្ធពហុសាសន៍នោះ មានចំនួន ៩២នាក់។
មន្ត្រីយោធាកម្ពុជាបានថ្លែងថាក្នុងដំណើរអញ្ជើញចូលរួមបិទសមយុទ្ធពហុសាសន៍នោះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញជួបគួរសមជាមួយ មេបញ្ជាការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន នាយឧត្តមសេនីយ៍ វ៉ាង ស៊ីវពីន ក្នុងកិច្ចពិភាក្សាដែលផ្តោតលើការពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណី និងជាប្រវត្តិសាស្ត្រដ៏ល្អរវាងកងទ័ពនៃប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ចិន វ៉ាង ស៊ីវពីន បានថ្លែងអំណរគុណចំពោះកងយោធពលខេមរភូមិន្ទ ដែលបានបញ្ជូនកងកម្លាំងមកចូលរួមក្នុងសមយុទ្ធពហុសាសន៍ «សន្តិភាព-មិត្តភាព ២០២៣» ដែលលោកបានចាត់ទុកថា នេះគឺសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ដល់កងទ័ពរំដោះប្រជាជនចិន និងជាពិសេសតំបន់ភូមិភាគខាងត្បូង។