បារាំងបញ្ជូននាវាចម្បាំងទៅកាន់តំបន់ហ្គាហ្សា ដើម្បីសង្គ្រោះប្រជាជនប៉ាឡេស្ទីនដែលរងគ្រោះ
ប៉ារីស៖ ខុទ្ទកាល័យរបស់ប្រធានាធិបតីបារាំង នៅថ្ងៃអាទិត្យសប្ដាហ៍មុន បានបញ្ជាក់ថា បារាំងកំពុងបញ្ជូននាវាចម្បាំង Dixmude របស់ខ្លួនទៅកាន់ភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ ដើម្បីផ្ដល់ជំនួយផ្នែកវិជ្ជសាស្ដ្រដល់ប្រជាជនប៉ាឡេស្ទីនដែលរងគ្រោះដោយសង្គ្រាម។ នាវាចម្បាំងនេះនឹងចេញដំណើរពីបារាំងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ឆ្ពោះទៅកាន់ប្រទេសអេហ្ស៉ីប។
ខុទ្ទកាល័យរបស់ប្រធានាធិបតីបារាំងបានបន្ថែមថា បារាំងកំពុងខ្នះខ្នែងផ្ដល់ជំនួយតាមគ្រប់មធ្យោបាយ ក្នុងការជួយសង្គ្រោះកុមារប៉ាឡេស្ទីនទាំងអស់ក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវការជំនួយជាបន្ទាន់។ មិនតែប៉ុណ្ណោះ បារាំងក៏នឹងចូលរួមជាមួយសហភាពអឺរ៉ុប តាមរយៈការផ្ដល់ជំនួយជាសម្ភារៈវេជ្ជសាស្ដ្រ ដែលនឹងត្រូវបញ្ជូនទៅតំបន់ហ្កាហ្សា នៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខនេះ។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏បានប្រាប់នាយករដ្ឋមន្ដ្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា សង្គ្រាមនេះបានធ្វើឱ្យបាត់បង់អាយុជីវិតមនុស្សច្រើនហួសប្រមាណ ដែលចាំបាច់ឱ្យអ៊ីស្រាអែលត្រូវបែងចែកឱ្យច្បាស់លាស់រវាងប្រជាជនស៊ីវិល និងភេវរករ ដើម្បីកាត់បន្ថយការប៉ះពាល់ដល់អាយុជីវិតប្រជាជនសាមញ្ញ ដែលភាគច្រើនសុទ្ធតែជាស្ដ្រី និងកុមារ។ បច្ចុប្បន្ន មនុស្សជាង ១៣,០០០នាក់ហើយដែលត្រូវបានស្លាប់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយក្នុងនោះមានមនុស្សជាង ៥,០០០នាក់ គឺជាកុមារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ សាន ស្រីលក្ខណ៍
