សេដ្ឋកិច្ចថៃនៅទ្រឹង ក្នុងត្រីមាសទី៣ ឆ្នាំ ២០២៣ ដោយសារការនាំចេញទន់ខ្សោយ

បាងកក៖ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃកើនឡើងទាបជាងការរំពឹងទុក នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៣ ដោយសារការនាំចេញនៅតែទន់ខ្សោយ។

ប្រទេសថៃបានស៊ូទ្រាំនឹងកំណើនសេដ្ឋកិច្ចយឺត ស្របពេលទំនុកចិត្តរបស់វិនិយោគិនបានធ្លាក់ចុះ បើទោះបីជារដ្ឋាភិបាលថ្មីចូលកាន់តំណែង និងបញ្ចប់ភាពមិនច្បាស់លាស់ផ្នែកនយោបាយជាច្រើនខែក៏ដោយ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ ដែលហៅកាត់ថា (NESDC) បានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ បានកើនឡើង ១.៥ភាគរយ នៅក្នុងខែកក្កដា ដល់ខែកញ្ញា ទាបជាងការព្យាករណ៍ ២.២ភាគរយរបស់ NESDC និងយឺតជាងបីខែមុន។

ជុំវិញបញ្ហានេះដែរ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) លោក Danucha Pichayanan បានគូសបញ្ជាក់ថា កំណើន GDP ខាងលើ គឺទាបជាងការព្យាករណ៍ ដោយសារតែការនាំចេញធ្លាក់ចុះ ក្នុងរយៈពេលបីត្រីមាសជាប់ៗគ្នាក្នុងឆ្នាំ ២០២៣នេះ។ ក្រុមប្រឹក្សានេះបន្ថែមថា បច្ចុប្បន្នខ្លួនរំពឹងថា សេដ្ឋកិច្ចថៃនឹងកើនឡើងទាបជាងការព្យាករណ៍ចុងក្រោយ ២.៥ ទៅ ៣ភាគរយក្នុងឆ្នាំនេះ។

ទោះបីជាយ៉ាងណា សន្ទុះនៃការប្រើប្រាស់ និងការវិនិយោគក្នុងស្រុក គឺស្ថិតនៅលើគោលដៅដ៏ល្អប្រសើរ។ រីឯឧស្សាហកម្មទេសចរណ៍ ដែលជាប្រភពចំណូលដ៏ធំរបស់ប្រទេសថៃ ដែលពិបាកក្រោកឈរឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត ក៏កំពុងស្ទុះងើបឡើងវិញបន្តិចម្តងៗផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner