ពលរដ្ឋថៃប្រមាណ ២៥០នាក់ត្រូវបានជម្លៀសចេញពីតំបន់ជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ា
បាងកក៖ ក្រសួងការបរទេសថៃ នៅថ្ងៃអាទិត្យកន្លងទៅ បានបញ្ជាក់ថា ពលរដ្ឋថៃដែលកំពុងជាប់គាំងនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រមាណ ២៥០នាក់ នឹងត្រូវបានជម្លៀសចេញតំបន់កំពុងមានជម្លោះរវាងកងកម្លាំងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច តាមរយៈច្រកព្រំប្រទល់ជាមួយប្រទេសចិន។
ក្នុងសេចក្ដីរាយការណ៍មួយ ក្រសួងការបរទេសថៃ បានបញ្ជាក់ថា ខ្លួនបានរៀបចំយន្ដហោះចំនួន ២ នៅទីក្រុងគន់មីង (Kunming) ដើម្បីត្រៀមទទួលប្រជាជនដែលជម្លៀសខ្លួន មកទីក្រុងបាងកក។ ប្រជាជនទាំងនោះក៏នឹងត្រូវបានពិនិត្យមើលពីប្រវត្តិផ្ទាល់ខ្លួន ដើម្បីជៀសវាងបញ្ហាជួញដូរមនុស្សជាដើម។
ពលរដ្ឋថៃប្រមាណ ៤១នាក់ ក៏ត្រូវបានជម្លៀសចេញពីតំបន់ជម្លោះកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនរួចមកហើយ ដោយមានការជួយអន្ដរាគមន៍ពីរដ្ឋាភិបាលមីយ៉ាន់ម៉ា និងថៃផងដែរ។ បច្ចុប្បន្ន ពលរដ្ឋថៃប្រមាណ ២៦៦នាក់ត្រូវបានជម្លៀសចេញពីមីយ៉ាន់ម៉ា ត្រលប់មកប្រទេសថៃវិញ ក្រោយជម្លោះផ្ទុះឡើង និងរីករាលដាលកាន់តែខ្លាំងឡើងៗ។
គួរបញ្ជាក់ថា ជម្លោះរវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច បានផ្ទុះឡើងតាំងពីចុងខែតុលា។ តំបន់ភាគខាងជើងរដ្ឋ Shan ដែលនៅជាប់ព្រំដែនជាមួយចិន និងសំបូរទៅដោយព្រៃក្រាស់ គឺជាតំបន់ដែលមានការប្រយុទ្ធក្ដៅគគុក។ ការប្រយុទ្ធគ្នាកំពុងខិតជិតទៅដល់ទីក្រុង Laukkai ដែលជាទីក្រុងល្បីល្បាញចំពោះល្បែងស៊ីសង ការផ្ដល់សេវាកម្មផ្លូវភេទ និងការបោកប្រាស់តាមរយៈអនឡាញជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍