លោក បៃដិន ៖ ការដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សា ទើបតែចាប់ផ្តើមប៉ុណ្ណោះ
វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិកនិយាយថា ការដោះលែងចំណាប់ខ្មាំងក្រុមដំបូង ក្នុងថ្ងៃសុក្រសប្តាហ៍នេះ ដែលក្រុមហាម៉ាសចាប់បាន គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ និងថា ឱកាសពិតជាមាន ក្នុងការបន្តបទឈប់បាញ់បណ្តោះអាសន្ននៅតំបន់ហ្គាហ្សា។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់អ្នកកាសែតនៅទីក្រុងណាន់ថាក់ខេត រដ្ឋម៉ាសាជូសេត យ៉ាងដូច្នេះថា វាដល់ពេលហើយ ដែលត្រូវបន្តការងារលើការបង្កើតដំណោះស្រាយរដ្ឋពីរសាជាថ្មី ដើម្បីនាំសន្តិភាពក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ លោក បៃដិន បាននិយាយថា ខ្ញុំគិតថា ឱកាសគឺមានពិតប្រាកដ សម្រាប់ការបន្តបទឈប់បាញ់។
នៅពេលត្រូវបានសាកសួរ អំពីចំណាប់ខ្មាំងស្ត្រី និងកុមារជនជាតិអាមេរិក ដែលអាចនឹងត្រូវបានដោះលែង ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនោះ លោក បៃដិន បានបញ្ជាក់ថា លោកមិនដឹងថា ពេលណាពួកគេនឹងត្រូវបានដោះលែងនោះទេ ប៉ុន្តែយើងរំពឹងថា វានឹងកើតឡើងឆាប់ៗនេះ។
ចំណាប់ខ្មាំងសរុបចំនួន ២៤នាក់ ក្នុងនោះជនជាតិអ៊ីស្រាអែល ១៣នាក់ ថៃ ១០នាក់ និងហ្វីលីពីនម្នាក់ ត្រូវបានបញ្ជូនទៅកាន់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមនៅតំបន់ហ្គាហ្សា ដោយក្រុមហាម៉ាស កាលពីថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលអ៊ីស្រាអែលបានដោះលែងស្ត្រី និងអនីតិជនចំនួន ៣៩នាក់ ដែលជាប់ឃុំនៅក្នុងពន្ធនាគាររបស់ខ្លួន នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសកាតា។
គួរបញ្ជាក់ថា មន្ត្រីក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា នៅតំបន់ហ្គាហ្សា មនុស្សជិត ១៥,០០០នាក់ ហើយក្នុងចំណោមពួកគេមាន ៦.១៥០នាក់ជាកុមារ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម។ ដោយឡែក បើតាមមន្ត្រីអ៊ីស្រាអែល មនុស្សប្រហែល ១,២០០នាក់ ដែលភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងទឹកដីអ៊ីស្រាអែល ក្នុងអំឡុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ហើយមនុស្សប្រហែល ២៤០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា





