លោក Luxon ស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសនូវែលសេឡង់
វែលលីងតោន៖ អតីតប្រធានក្រុមហ៊ុនអាកាសចរណ៍នូវែលសេឡង់ លោក គ្រីស្តូហ្វើ លុចសុន ក្នុងថ្ងៃចន្ទសប្តាហ៍នេះ ស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនូវែលសេឡង់ជាផ្លូវការ ហើយបានប្តេជ្ញាថា នឹងកាត់បន្ថយអតិផរណា និងកាត់បន្ថយអត្រាការប្រាក់។
លោក គ្រីស្តូហ្វើ លុចសុន បានចំណាយពេលជាង ៦សប្តាហ៍ បន្ទាប់ពីគណបក្សអភិរក្សជាតិរបស់គាត់ បានឈ្នះការបោះឆ្នោតជាតិ ដោយបញ្ចប់ការគ្រប់គ្រងរបស់គណបក្សការងាររយៈពេល ៦ឆ្នាំ ដែលដឹកនាំដោយអតីតនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាដឺន។
លោក លុចសុន វ័យ ៥៣ឆ្នាំ ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Air New Zealand បានស្បថចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាលចម្រុះថ្មីរបស់ប្រទេសនូវែលសេឡង់ នៅក្នុងពិធីមួយនារដ្ឋធានីវែលលីងតោន។ លោក លុចសុន បានប្រាប់អ្នកយកព័ត៌មានថា វាជាកិត្តិយស និងជាការទទួលខុសត្រូវដ៏អស្ចារ្យ។ ការងារទី១ គឺការស្តារសេដ្ឋកិច្ចឡើងវិញ។
សូមបញ្ជាក់ថា បន្ទាប់ពីការស្បថចូលកាន់តំណែងជាផ្លូវការរួច លោក លុចសុន នឹងក្លាយជានាយករដ្ឋមន្ត្រីទី ៤២ របស់ប្រទេសនូវែលហ្សេឡង់ បន្ទាប់ពីបានប្រមូលផ្តុំរដ្ឋាភិបាលចម្រុះ នៅក្នុងកិច្ចពិភាក្សាដ៏អូសបន្លាយមួយ ដែលបានបញ្ចប់ទៅកាលពីថ្ងៃសុក្រសប្តាហ៍មុន ពោលគឺ ៦សប្តាហ៍បន្ទាប់ពីការបោះឆ្នោត។
ក្នុងរយៈពេល ១០០ថ្ងៃដំបូងនៃការកាន់អំណាច គណបក្សរបស់លោក លុចសុន បានសន្យាថា នឹងបង្ក្រាបឧក្រិដ្ឋកម្ម, ហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងសាលារៀន និងលុបចោលការដំឡើងពន្ធប្រេងដែលបានគ្រោងទុក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

