ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ​​ឈានដល់ថ្ងៃទី២

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ ក្រោយពីខកខានរយៈពេល​បីឆ្នាំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បាន​ប្រារព្ធធ្វើឡើងវិញ​ដោយ​បាន​ឈាន​ដល់ថ្ងៃទី​២ហើយនៅថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ២០២៣ ដែល​​មានប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករចូលរួម​ទស្សនាកម្សាន្ត​​យ៉ាងសប្បាយរីករាយ ដោយមាន​ទាំង​ទេសចរជាតិ និងអន្តរជាតិ​។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីកម្ពុជាបានសរសេរលើបណ្ដាញសង្គមតេឡេក្រាម​ផ្លូវការរបស់​សម្ដេចនៅថ្ងៃទី​២៧ ខែវិច្ឆិកាថា ៖ «អបអរសាទរថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក»​។

​សម្ដេចបាន​លើកឡើងថា ក្រោយពីខកខានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក​ អស់រយៈពេលបីឆ្នាំមក ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ បានប្រារព្ធធ្វើឡើងវិញ រយៈ​​ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយក្រោមម្លប់នៃសុខសន្តិភាព។​

សូមជម្រាបថាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ មានទូកង ចូលរួមប្រកួតប្រជែងប្រមាណ ៣៣៨ទូក និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ចំនួន៣០ប្រទីប។​​​

នា​ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា​ ​មានវត្តមាន​ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិជាច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកប្រកប​ដោយ​ភាពសប្បាយរីករាយ។​

អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បាន​លើកឡើងតាមរយៈហ្វេសប៊ុករបស់​សម្ដេចនារសៀលថ្ងៃទី​២៦ ខែវិច្ឆិកាដែរថា ទន្ទឹមនឹងការកម្សាន្តសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ ​ប្រ​ជា​ពលរដ្ឋនៅតាមបណ្ដាខេត្តទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយតាមរយៈព្រះរាជពិធីបុណ្យនេះ ក្រោមម្លប់សុខសន្តិភាពផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​៖ «ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំបែបនេះបាន»​៕

ដោយ៖នាង សុគន្ធា

ads banner