ចិន​រំលឹក​កុំ​ឱ្យ​កូរ៉េខាង​ត្បូង​យក​បញ្ហា​សេដ្ឋកិច្ច​ធ្វើ​ជា​រឿង​នយោបាយ​

ប៉េកាំង៖ រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ លោក​ វ៉ាង​ យី បាន​រំលឹក​​សមភាគី​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៦ វិច្ឆិកា​ ថា​ កុំ​​ឱ្យ​យក​បញ្ហា​សេដ្ឋកិច្ច​​ និង​បច្ចេក​វិទ្យា​ធ្វើ​នយោបាយ​​ ​ពេល​មន្រ្តី​ទូត​នៃ​ប្រទេស​ទាំង​ពីរ​ត្រៀម​ជួប​អ្នក​ការ​ទូ​ត​កំពូល​​ជប៉ុន​​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំរដ្ឋ​មន្រ្តី​ការបរទេស​​ត្រី​ភាគី​ ដែល​មាន​គោល​បំណង​ជំរុញ​កិច្ចសហប្រតិ​ប​ត្តិការ​រវាង​ប្រទេស​ទាំង​បី​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​លោក​ វ៉ាង​ បាន​ប្រាប់​រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​ លោក​ ផាក​ ជីន​ យ៉ាង​ដូច្នេះ​​​ថា​​ ៖ «​ប្រទេស​ចិន​ និង​កូរ៉េ​ខាង​ត្បូង​ បាន​ក្លាយ​ជា​ដៃគូ​សហប្រតិបត្តិការ​ ​ដោយ​មាន​ផល​ប្រយោជន៍​រួម​បញ្ចូល​គ្នា​ខ្ពស់​ ​ក៏​ដូច​ជា​​ខ្សែច្រវាក់​ផលិតកម្ម​ ​និង​ការ​ផ្គត់​ផ្គង់​ដែល​មាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ជិត​ស្និទ្ធ​»​។

លោក​ វ៉ាង បន្ត​ថា ​៖ «​ភាគី​ទាំង​​ពីរគួរ​តែ​រួម​គ្នា​ទប់​ទល់​នឹង​ទំនោរ​ក្នុង​ការ​​​យក​​បញ្ហា​សេដ្ឋកិច្ចធ្វើ​ជា​នយោ​បា​យ​​​ ​ការ​បង្កើត​​បញ្ហា​វិទ្យាសា្រស្រ្ត និង​បច្ចេក​វិទ្យា​​​ និង​កា​ររាប់​បញ្ហា​​ពាណិជ្ជកម្ម​ថា​ជា​បញ្ហា​​សន្តិសុខ​គ្រប់​ជ្រុង​ជ្រោយ​»។  ​

​គួរ​​​បញ្ជាក់​ថា​​ កន្លង​មក​កូរ៉េខាង​ត្បូង​បាន​ព្យាយាម​ជៀស​ខ្លួន​ពី​ការ​ជាប់​គាំង​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​ ជា​ពិសេស​លើ​​បញ្ហា​បន្ទះ​ឈីប​  ដោយ​យោង​​ថា​ ​ចិន​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ធំ​ ហើយ​អាមេរិក​គឺ​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​ជា​ពិសេស​លើ​ផ្នែក​សន្តិសុខ​។

ខណៈ​ចិន​ និង​អាមេរិក​ព្យាយាម​កែ​លម្អ​ទំនាក់​ទំនង​ដែល​បែក​បាក់​ ​​ក្រុង​ប៉េកាំង​មាន​ការ​ព្រួយ​បារម្ភ​ថា​ ទីក្រុ​ង​វ៉ាស៊ីនតោន​ និង​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​សំខាន់​ៗ​រួម​មាន​ក្រុង​តូក្យូ​ និង​សេអ៊ូល​ កំពុង​ពង្រឹង​ភាព​ជា​ដៃគូ​ត្រី​ភាគី​របស់​ខ្លួន​។ ​​​កាល​ពី​ខែ​កក្កដា​ លោក​ វ៉ាង ធ្លាប់​បាន​ព្រមាន​ថា​ ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​ទាំង​ពីរ អាច​ធ្វើ​ឱ្យ​មាន​ភាព​តាន​តឹង​ក្នុង​តំបន់​ និង​បង្ក​ឱ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​។​​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ លោក​ វ៉ាង​ បាន​​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ដដែល​​ថា​៖  «​ប្រទេស​ចិន​មាន​ឆន្ទៈ​រួម​គ្នា​ លើក​កម្ពស់​ការ​ចាប់​ផ្តើម​ឡើង​វិញ​នៃ​កិច្ចសហប្រតិបត្តិការ​ត្រី​ភាគី​តាម​ការ​​កែ​លម្អ ​ជាមួយ​កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​»​។

តាំង​ពី​ឆ្នាំ​ ២០០៨ មក​ ចិន​ កូរ៉េខាង​ត្បូង​ និង​ជប៉ុន​ ​បាន​យល់​ព្រម​គ្នា​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ជា​រៀង​រាល់​ឆ្នាំ​ ​​​ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​ការ​ទូត​ និង​សេដ្ឋកិច្ច ​ប៉ុន្តែ​ផែនការ​នេះ​ត្រូវ​បាន​រារាំង​ដោយ​បញ្ហា​ផ្សេង​ៗ​ រួម​ទាំង​ជំងឺ​រាត​ត្បាត​កូវីដ​១៩​។ កិច្ច​​​ប្រជុំត្រី​ភាគី​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​​៣​ចុង​ក្រោយ​ ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​ ២០១​៩​។

ក្នុង​កិច្ច​ប្រជុំ​​កាល​ពី​ថ្ងៃ​អាទិត្យ​ រដ្ឋ​មន្រ្តី​ការបរទេស​នៃ​ប្រទេស​ទាំង​បី​ ​​បាន​យល់​ព្រម​​​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ចំនួន​ប្រាំមួយ​ រួម​ទាំង​សន្តិសុខ ​សេដ្ឋកិច្ច ​និង​បច្ចេកវិទ្យា​ និង​ជំរុញ​ការ​ពិភាក្សា​ជាក់​ស្តែង​ដើម្បី​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​មួយ​។​ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ជប៉ុន​៕

ដោយ៖ហួន ឌីណា

ប្រភព​៖ China warns South Korea not to politicise economic issues https://www.reuters.com/world/asia-pacific/china-warns-south-korea-not-politicise-economic-issues-2023-11-26/

ads banner