សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ស្នើគ្រប់ភាគីពាក់ព័ន្ធ រួមសហការគ្នា ដើម្បីឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានធ្វើការជំរុញទៅកាន់ជនរួមជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរួមសហការគ្នា ដើម្បីឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥។ ការស្នើនេះ ត្រូវបានធ្វើឡើងតាមរយៈសារលិខិត ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូឆ្នាំ២០២៣ ក្រោមប្រធានបទ«សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានបញ្ជាក់ក្នុងសារលិខិតខាងលើថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺទាមទារឱ្យមានការចូលរួម ឱ្យបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលកម្ពុជាយើងធ្លាប់បាននិងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគ អេដស៍/ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ និងការបង្កើតឱ្យមានមធ្យោបាយអប់រំ ផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថល។

សម្ដេចបន្តថា៖«កាកបាទក្រហមកម្ពុជាបានកំណត់នូវអាទិភាពខ្ពស់ក្នុងការ ចូលរួមបញ្ចប់ការរើសអើងនិងមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ កំពុងលើកទឹកចិត្ត និងគាំទ្រឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់សហគមន៍ ពីអ្នករងគ្រោះផ្ទាល់។ ជាពិសេសក្រុមប្រជាជនគន្លឹះ រួមគ្នា ជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ឱ្យចូលរួមឆ្លើយតបនៅក្នុងចរន្តជាតិតែមួយ»។

ហេតុនេះ ដើម្បីឈានទៅបញ្ចប់ជំងឺអេដស៍ឱ្យសម្រេចបានជោគជ័យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបន្តស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់គោលការណ៍សមភាពនិងបរិយាបន្ន។ជាមួយគ្នានេះសម្ដេច ក៏បានជំរុញឱ្យនាំគ្នា អនុវត្តវិធីសាស្ត្រ មិត្ត-អប់រំ-មិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍/ជំងឺកាមរោគផ្សេងៗ។

ជាថ្មីម្តងទៀត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ក៏បានស្នើឱ្យបងប្អូនរួមជាតិ ដែលសង្ស័យថាបានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ឱ្យបានឆាប់បំផុត ខណៈស្ត្រីមានផ្ទៃពោះវិញ ក៏ត្រូវទៅពិនិត្យនិងថែទាំផ្ទៃពោះជាមួយឆ្មប ឬគ្រូពេទ្យយ៉ាងហោចឱ្យបាន៤ដងមុន សម្រាលកូន និងទទួលយកសេវាទប់ស្កាត់ការចម្លងមេរោគអេដស៍/ស្វាយ និងថ្លើម ពីសេវាសុខាភិបាលផងដែរ។

ក្រៅពីនេះសម្ដេច ក៏បានជំរុញឱ្យបងប្អូនរួមជាតិទាំងអស់ ចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើង អ្នកជំងឺអេដស៍ឡើយ និងបានអំពាវនាវដល់ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្រ្តីបម្រើសេវានៅតាម គ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ ត្រូវចូលរួមអនុវត្តវិធានការបង្ការការចម្លង មេរោគអេដស៍ឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន។

ទាក់ទិនទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ នេះដែរ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែ ក៏បានចែករំលែកនូវទស្សនមួយចំនួន ក្នុងការលុបបំបាត់អេដស៍នៅកម្ពុជា ដោយលោកបានជំរុញឱ្យអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តដោយម៉ឺងម៉ាត់។

ក្នុងនោះសម្ដេចធិបតីបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ខិតខំអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹង មេរោគអេដស៍ និងជំងឺអេដស៍ និងគោលនយោបាយលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីធានាភាពជោគជ័យ និងនិរន្តរភាព នៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ សំដៅឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥នៅកម្ពុជា។

សូមរំឭកថា នៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ កាលឆ្នាំ២០២២ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្លាប់បានឱ្យដឹងថា បច្ចុប្បន្ន អត្រាផ្ទុកមេរោគអេដស៍នៅកម្ពុជាក្នុងចំណោមប្រជាជនទូទៅដែលមានអាយុពី ១៥ ទៅ ៤៥ ឆ្នាំ មានប្រមាណ ០.៦ភាគរយនៅក្នុងឆ្នាំ២០២១ ដែលមានចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ ប្រមាណ ៧៤ ០០០ នាក់ អត្រាឆ្លងថ្មីនៅមានបន្តនៅឡើយ គឺប្រមាណ ១១០០ នាក់ នៅក្នុងឆ្នាំ ២០២២៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner