អាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបបានរថយន្ដដឹកឈើ៤គ្រឿង និងត្រាក់ទ័រមួយគ្រឿង, ៣គ្រឿងបានដុតបំផ្លាញចោលទាំងយប់

ស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ពេញមួយថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបន្ដបើកប្រតិបត្ដិការបង្ក្រាបរថយន្ដដឹកឈើ (ប៉ាកុង) ៤គ្រឿង និងត្រាក់ទ័រក្បាលអូសឈើមួយគ្រឿង នៅស្រុកសៀមប៉ាង, ស្រុកសៀមបូក និងក្រុងស្ទឹងត្រែង។

ប្រតិបត្តិការនេះកម្លាំងអាវុធហត្ថ សហការជាមួយកម្លាំងនគរបាល, រដ្ឋបាលព្រៃឈើ, បរិស្ថាន និងអាជ្ញាធរដែនដី ដែលស្ថិតក្រោមការសម្របសម្រួលពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងខេត្ត និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ សៅ សុខា។

បើតាមសេចក្ដីរាយការណ៍ សមត្ថកិច្ចបានចុះរុករក និងត្រួតពិនិត្យរថយន្តប៉ាកុង សរុបចំនួន០៤គ្រឿង និងត្រាក់ទ័រក្បាលអូសឈើ០១គ្រឿង ដែលក្នុងនោះ រកឃើញនៅស្រុកសៀមប៉ាងចំនួន០៣គ្រឿង (ទ្រាក់ទ័រមួយ), នៅចំណុចភូមិសៀមប៉ាង ឃុំសេកុង ក្រុងស្ទឹងត្រែង០១គ្រឿង, នៅចំណុចភូមិព្រែក សង្កាត់ស្ទឹងត្រែង និង០១គ្រឿងទៀត នៅចំណុចភូមិ-ឃុំកោះសំពាយ ស្រុកសៀមបូក។ រហូតមកដល់ យប់ថ្ងៃនេះ សមត្ថកិច្ចបានសម្រេចដុតកម្ទេចោល មធ្យោបាយប្រព្រឹត្តបទល្មើស០៣គ្រឿងរួចហើយ។

រយៈពេលប៉ុន្មានថ្ងៃនេះ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ចេញប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបនៅតាមខេត្តជាប់ព្រំដែន រួមមាន៖ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងជាដើម រហូតមានការចាប់ខ្លួនមនុស្ស, មានដីកាកំពុងតាមចាប់អ្នកពាក់ព័ន្ធ និងរឹបអូសរថយន្តជាច្រើនគ្រឿង រហូតដុតបំផ្លាញចោលទៀតផង។ ឆ្លើយតបនឹងការដុតបំផ្លាញមធ្យោបាយដឹកឈើ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងថា វិធានការក្តៅមួយនេះត្រូវបានធ្វើឡើងដោយមិនបានឃ្លាតឆ្ងាញពីច្បាប់នោះឡើយ ហើយក៏បានអប់រំជាច្រើនលើក ច្រើនសាររួចហើយ ទើបឈានដល់ការដុតបំផ្លាញ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner