រថយន្តឡង់គ្រឺស័របើកឆ្លងផ្លូវជ្រុលទៅបុករថយន្តព្រូសរងការខូចខាត
ភ្នំពេញ៖ រថយន្តឡង់គ្រឺស័រមួយគ្រឿង បានបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តតូយូតាព្រូសមួយគ្រឿងចំហៀងខាងឆ្វេងរងកាខូចខាត ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសទេ កាលពីម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់៧០ កែងនិងផ្លូវR៨បឹងកក់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តឡង់គ្រឺស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2R-1525 ធ្វើដំណើរទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុត្រង់ផ្លូវទំបន់៧០ ក៏បានបត់ឆ្វេងដៃទៅទិសខាងលិច ជ្រុលទៅបុករថយន្តតូយូតាព្រូស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AF-0171ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់៧០ទិសដៅពីលកើតទៅលិចចំផ្នែកចំហៀងខាងឆ្វេង រងការខូចខាតទ្វារទាំងពីរ ចំណែករថយន្តឡង់គ្រឺស័រកំពិតកាងខាងមុខផ្នែកខាងស្តាំ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយខាងរថយន្តឡង់គ្រឺស័របានចេញសំណងចំនួន១០០ដុល្លារទៅឲ្យខាងរថយន្តព្រូសដើម្បីបញ្ចប់រឿងនៅ នឹងកន្លែងកើតហេតុ៕