អ្នករាយការណ៍សិទ្ធិមនុស្ស អ.ស.ប ប្រចាំកម្ពុជាទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាលើកំណែទម្រង់យុត្តិធម៌

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ប)​ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) គាំទ្រនិងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាលើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលជាចំណែកលើកកម្ពស់សិទ្ធិមនុស្ស។ខណៈនេះដែររដ្ឋាភិបាលក៏បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដឹកនាំរៀបចំរបាយការណ៍ជាតិពីសិទ្ធិមនុស្សនៅកម្ពុជាជូន អ.ស.ប  ផងដែរ។

ការទទួលស្គាល់របស់អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សអ.ស.បនេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងលោកនិងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងយុត្តិធម៌។

ប្រភពក្រសួងយុត្តិធម៌  បានឱ្យដឹងថា ក្នុងជំនួបឯកឧត្តម កើត រិទ្ធ បានប្រាប់លោកវិទិត មុនតាប៊ន ពីការងារអាទិភាពរបស់ក្រសួងយុត្តិធម៌ ជាពិសេសការរៀបចំការងារលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ ដែលជាវិធានគន្លឹះអាទិភាព១ ក្នុងចំណោម៥ ដែលដាក់ចេញដោយប្រមុខរដ្ឋាភិបាលថ្មី ជាគោលដៅក្នុងអាណត្តិទី៧ នេះ។

ជាមួយគ្នានេះ លោក វិទិត មុនតាប៊ន បានធ្វើការស្វាគមន៍ ក៏ដូចជាទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកន្លងមកលើការងារកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ហើយបង្ហាញការគាំទ្រចំពោះការងារដែលក្រសួងយុត្តិធម៌បាននិងកំពុងដាក់ចេញ ជាពិសេសយន្តការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ជុំវិញរឿងនេះ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៧ខែធ្នូនេះ បានឱ្យដឹងបន្ថែមថា នៅក្នុងជំនួប អ្នករាយការណ៍ពិសសេសផ្នែកសិទ្ធិមនុស្សរបស់អ.ស.ប មិនបានលើកឡើងពីការរិះគន់ផ្នែកសិទ្ធិមនុស្ស ឬផ្នែកយុត្តិធម៌ណាមួយឡើយ ដោយសារជំនួបនេះមានគោលដៅជជែកពីវឌ្ឍភាពលើវិស័យយុត្តិធម៌ បន្ទាប់ពីជំនួបគ្រាមុននៅខែសីហា ឆ្នាំ២០២២។ លោកបន្តថា៖«យើងបានជជែកពីក្របខណ្ឌគោលនយោបាយអំពីកែទម្រង់ប្រព័ន្ធយុត្តិធម៌ ហើយជជែកពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការដោះស្រាយបញ្ហាពន្ធនាការ ភាពចង្អៀតណែនក្នុងពន្ធនាគារ យន្តការការអនុវត្តទោសមិនមែនពន្ធនាគារ និងកិច្ចសហប្រតិបត្តិការជាមួយយន្តការរបស់ អ.ស.ប»។

ឯកឧត្តមបន្តថា ជារួមលោក វិទិត មុនតាប៊ន ធ្វើការកោតសរសើរនិងលើកចិត្តបន្តលើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលជាចំណែកសំខាន់ក្នុងការលើកកម្ពស់សិទ្ធិមនុស្សតួយ៉ាង សិទ្ធិទទួលបានយុត្តិធម៌ ធានាបាននូវនីតិរដ្ឋ និងលើកកម្ពស់ប្រជាធិបតេយ្យ។

ដោយឡែកនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដឹកនាំការងាររៀបចំរបាយការណ៍ជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិដែលដឹកនាំដោយឯកឧត្ត កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

សេចក្តីសម្រេចនេះបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងនេះមានតួនាទីធ្វើសេចក្តីព្រាងរបាយការណ៍ជាតិ ស្តីពីការអនុវត្តសន្ធិសញ្ញាដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជាសម្រាប់ដាក់ជូនអ.ស.ប តួយ៉ាងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌(ICESCR) របាយការណ៍ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍(CERD) របាយការណ៍ស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ(CED) របាយការណ៍ស្តីពីការពិនិត្យជាសាកលតាមកាលកំណត់(UPR) របាយការណ៍នានាទៀតដែល​ អ.ស.ប  ស្នើសុំ។

លើសពីនេះទៅទៀត ក្រុមការងារអន្តរក្រសួងមានភារកិច្ចពិនិត្យ និងលើកយោបល់ជូនរដ្ឋាភិបាល លើសេចក្តីព្រាងរបាយការណ៍នានារបស់អ.ស.បនិងរបស់អ្នកតំណាងផ្សេងៗទៀតនៃអង្គភាពសន្ធិសញ្ញាអ.ស.ប ដែលដាក់ជូនរដ្ឋាភិបាល ក៏ដូចជាបំពេញភារកិច្ចពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សតាមការប្រគល់របស់រដ្ឋាភិបាល៕ 

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner