សមាជិកសភាអឺរ៉ុបថា សហភាពអឺរ៉ុបត្រូវដោះស្រាយសំណងខូចខាតពីការដាក់អាណានិគមរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រ
អឺរ៉ុប៖ សេចក្តីសម្រេចព្រាងមួយបានជំរុញឱ្យសហភាពអឺរ៉ុបទទួលស្គាល់ និងលុបចោលនូវឥទ្ធិពលអាណានិគមនិយមអឺរ៉ុប ដោយស្នើឱ្យបង្កើតវេទិកាអចិន្ត្រៃយ៍សម្រាប់ស្តារយុត្តិធម៌ឡើងវិញ។ ការអំពាវនាវនេះធ្វើឡើងដោយសារតែមានការព្រួយបារម្ភថា សហភាពអឺរ៉ុបមិនបានយកចិត្តទុកដាក់ដោះស្រាយនូវផលប៉ះពាល់អវិជ្ជមាននូវបញ្ហាដែលកំពុងកើតមានបណ្ដាលមកពីការដាក់អាណានិគមរបស់ខ្លួនកាលពីអតីតកាល។
នេះគឺជាលើកដំបូងហើយដែលសមាជិកសភាអឺរ៉ុបលើកយកបញ្ហានេះមកពិភាក្សាជាផ្លូវការ ជាពិសេសអំពីសំណងការខូចខាតដោយសារទាសភាព និងអាណានិគមនិយមដែលខ្លួនធ្លាប់បានធ្វើ។ ការអំពាវនាវនេះបានធ្វើឡើងដោយសារតែមនុស្សកាន់តែច្រើនឡើងកំពុងអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ទទួលខុសត្រូវចំពោះសកម្មភាពអតីតកាលរបស់ពួកគេ ជាពិសេសបញ្ហាទាសភាព។ ជាក់ស្ដែង កាលពីខែមុន សហភាពអាហ្រ្វិកបានរួមគ្នាជាមួយបណ្ដាប្រទេសតំបន់ការាបៀន (Caribbean) ជំរុញឱ្យប្រទេសអឺរ៉ុបទទួលស្គាល់ និងផ្តល់សំណងផ្នែកហិរញ្ញវត្ថុសម្រាប់កំហុសឆ្គងជាប្រវត្តិសាស្ត្ររបស់ពួកគេ។
សេចក្តីសម្រេចព្រាងនោះបានចែងថា បណ្ដាប្រទេសជាច្រើនដែលធ្លាប់នៅក្រោមអាណានិគមអឺរ៉ុប នៅតែជួបការលំបាក ដោយសារឥទ្ធិពលយូរអង្វែងនៃអាណានិគមនិយម ភាពជាទាសករ ការប្រកាន់ពូជសាសន៍ និងការប្រល័យពូជសាសន៍ជាដើម។ ភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រទាំងនេះ ដូចជាការរើសអើងពូជសាសន៍ និងអំពើហិង្សា នៅតែបន្តជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើវិសមភាពសង្គម និងសេដ្ឋកិច្ចជុំវិញពិភពលោក។
សេចក្ដីព្រាងនេះបានភ្ជាប់យុត្តិធម៌អាកាសធាតុទៅនឹងបញ្ហានៃសំណងសម្រាប់ទាសភាព ដោយលើកហេតុផលថា ប្រទេសអភិវឌ្ឍន៍ និងប្រទេសដែលធ្លាប់ដាក់អាណានិគម បានបង្កការខូចខាតជាប្រវត្តិសាស្ត្រច្រើនបំផុតដល់បរិស្ថាន តាមរយៈការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការឡើងកំដៅផែនដី និងការបំពុលបរិស្ថាន។ សកម្មភាពទាំងនេះបានជះឥទ្ធិពលអវិជ្ជមានបំផុតដល់បរិស្ថាន និងប្រជាជននៃប្រទេសកំពុងអភិវឌ្ឍន៍។ យ៉ាងណាក៏ដោយ សេចក្ដីព្រាងនេះមិនបានបញ្ជាក់ថាតើសំណងទាំងនោះមានលក្ខណៈបែបណានោះទេ។
លោក មីកែល ម៉ឺការ៉េន (Michael McEachrane) អ្នករាយការណ៍ប្រចាំវេទិកាអង្គការសហប្រជាជាតិ បានលើកឡើងថា អាណានិគមនិយមអ៊ឺរ៉ុបបានជះឥទ្ធិពលយ៉ាងធំធេងលើពិភពលោក ដោយបង្កើតប្រព័ន្ធសង្គម និងសេដ្ឋកិច្ច។ លោកថែមទាំងសង្កត់ធ្ងន់ថា អាណានិគមនិយមបាននាំទៅរកទំនាក់ទំនងបែបកេងប្រវ័ញ្ចគ្នារវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ដែលបន្តរហូតមកដល់សព្វថ្ងៃនេះ។
លោកបានបន្ថែមថា សហភាពអឺរ៉ុបគួរតែនាំមុខគេក្នុងការរៀបចំដំណើរការផ្ដល់សំណងដល់ការខូចខាតកន្លងមក រួមទាំងបញ្ហាដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ព្រោះប្រទេសកំពុងអភិវឌ្ឍន៍កំពុងទទួលរងនូវផលប៉ះពាល់ច្រើនជាងគេ។
សមាជិកសភាអាល្លឺម៉ង់លោកស្រី ពៀរ៉េតេ ហឺបឺហ្គឺ ហ្វូហ្វាណា (Pierrette Herzberger-Fofana) មកពីអង្គការនយោបាយមួយឈ្មោះថា Greens-European Free Alliance គ្រោងនឹងបង្ហាញសេចក្តីសម្រេចព្រាងនេះដល់គណៈកម្មាធិការអភិវឌ្ឍន៍សភាអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នេះ ហើយលោកស្រីនឹងស្នើសេចក្តីព្រាងនេះជាដំណោះស្រាយបន្ទាន់មួយនៅក្នុងសភាអឺរ៉ុបក្នុងសប្តាហ៍បន្ទាប់។
លោកស្រីបានលើកឡើងថា ការយល់ដឹងអំពីប្រវត្តិនៃការរើសអើងជាតិសាសន៍នៅអឺរ៉ុបនឹងជួយមនុស្សឱ្យយល់កាន់តែច្បាស់អំពីបញ្ហាស្មុគស្មាញជុំវិញការធ្វើចំណាកស្រុក។ ដើម្បីសម្រេចបាននូវចំណុចនេះ សៀវភៅសិក្សានៅទូទាំងទ្វីបអឺរ៉ុបគួរតែត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីផ្តល់ឱ្យសិស្សានុសិស្សនូវខ្លឹមសារដ៏ត្រឹមត្រូវ និងពេញលេញពាក់ព័ន្ធនឹងការជួញដូរទាសករ និងអាណានិគមនិយម។
កាលពីដើមឆ្នាំនេះ សហភាពអឺរ៉ុប និងបណ្តាប្រទេសនៅអាមេរិកឡាទីន និងតំបន់ការាបៀន បានទទួលស្គាល់ការឈឺចាប់ដែលបណ្តាលមកពីការជួញដូរទាសកររបស់អឺរ៉ុប ហើយបានព្រមព្រៀងថា សំណងគួរតែត្រូវបានពិចារណាសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទាំងអស់នោះ៕
ប្រែសម្រួល៖ ធា សុណា
ប្រភពព័ត៌មាន៖ The Guardian
EU must face legacy of colonialism and support reparations, say MEPs