មេដឹកនាំចិន លោក ស៊ី ព្រមានមន្រ្តីសហភាពអឺរ៉ុបកំពូលៗ កុំឱ្យពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នា
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាថ្ងៃព្រហស្បតិ៍នេះ បានព្រមានមន្រ្តីកំពូលៗរបស់សហភាពអឺរ៉ុបថា ប្រទេសចិន និងអឺរ៉ុបមិនគួរមានទស្សនៈដូចគូប្រជែង ឬចូលរួមពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នាដោយសារតែប្រព័ន្ធនយោបាយរបស់ខ្លួននោះទេ។ នេះតាមការរាយការណ៍ការរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការព្រមានរបស់លោក ស៊ី នាពេលនេះ ធ្វើឡើងពេលជួបជាមួយមន្រ្តីកំពូលៗអឺរ៉ុប រួមមាន ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von Der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Josep Borrell ជាដើម ក្នុងកិច្ចប្រជុំកំពូលចិន – អ៊ឺរ៉ុប ដែលខានធ្វើអស់រយៈពេលបួនឆ្នាំរួចមកហើយ។
ក្នុងអំឡុងកិច្ចប្រជុំ ដែលពិភាក្សាគ្នារាប់តាំងពីអតុល្យភាពនៃពាណិជ្ជកម្មរហូតដល់បញ្ហាអ៊ុយក្រែននោះ លោក ស៊ី បាននិយាយទៀតថា ចិនមានឆន្ទៈធ្វើឱ្យសហភាពអឺរ៉ុបក្លាយជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់ និងមានសម្ទុះធ្វើកិច្ចសហប្រតិបត្តិការលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិម្មិត (AI)។ លោកថែមបានជំរុញផងដែរ ឱ្យសហភាពអឺរ៉ុបលុបបំបាត់ការជ្រៀតជ្រែកគ្រប់ប្រភេទក្នុងទំនាក់ទំនងទ្វេភាគី។
គួរបញ្ជាក់ថា ក្នុងទស្សនកិច្ចទៅចិនរយៈពេលមួយថ្ងៃលើកនេះ លោកស្រី Ursula និងលោក Borrell ក៏ត្រូវជួបជាមួយនាយករដ្ឋមន្រ្តីចិន លោក លី កាង ផងដែរ។ វាគឺជាឱកាសចុងក្រោយរបស់មន្រ្តីកំពូលៗទាំង២ ក្នុងការជួបជាមួយមន្រ្តីកំពូលៗចិនជាលើកចុងក្រោយ មុនការបោះឆ្នោតសភាអ៊ឺរ៉ុបឆ្នាំក្រោយ ដែលនឹងនាំឱ្យមានការផ្លាស់ប្ដូរការដឹកនាំរបស់ប្លុកអឺរ៉ុប។
មុនកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ ភាគីទាំងពីរបានព្យាយាមធ្វើឱ្យមានការរំពឹងទុកផ្សេងៗ ដោយរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី បានព្រមានអ្នកការទូតអឺរ៉ុបប្រចាំក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ថា អឺរ៉ុបគួរតែជ្រើសរើសសន្តិភាពជាជាង «សង្រ្គាមត្រជាក់ថ្មី»។ យ៉ាងណាមិញ មន្រ្តីអឺរ៉ុបម្នាក់បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប្រ៊ុចសែលកាលពីដើមសប្តាហ៍នេះថា នឹងគ្មានលទ្ធផលផ្លែផ្កាលេចធ្លោណាមួយកើតចេញពីកិច្ចប្រជុំ ឬសេចក្ដីថ្លែងការណ៍រួមនោះទេ។ នេះបើតាមរ៉យទ័រ។
គួរបញ្ជាក់ថា ទំនាក់ទំនងចិន និងអឺរ៉ុប មានបញ្ហាជាប់គាំងជាច្រើន រាប់តាំងពីសិទ្ធិមនុស្ស និងពាណិជ្ជកម្ម។ ក្នុងការវិវត្តអវជ្ជិមានមួយទៀត រដ្ឋាភិបាលអ៊ីតាលីបានប្រាប់រ៉យទ័រកាលពីថ្ងៃពុធថា អ៊ីតាលីដែលជារដ្ឋសមាជិករបស់សហភាពអឺរ៉ុប បានជូនដំណឹងដល់ចិនជាផ្លូវការថា ខ្លួននឹងចាកចេញពីគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលដាក់ចេញដោយលោក ស៊ី។
លើសពីនេះ គេមើលឃើញថា រាប់តាំងពីចិនលុបចោលការរឹតត្បឹតកូវីដរួចមក មន្រ្តីសហភាពអឺរ៉ុបជាច្រើនរូបបានធ្វើទស្សនកិច្ចទៅទីក្រុងប៉េកាំងជាបន្តបន្ទាប់គ្នា។ ប៉ុន្តែលទ្ធផលជាដុំកំភួនដែលសម្រេចបាន មានតិចតួច។
អឺរ៉ុបចង់ឱ្យចិនប្រើឥទ្ធិពលរបស់ខ្លួនលើប្រទេសរុស្ស៊ី ដើម្បីបញ្ឈប់សង្គ្រាមឈ្លានពាននៅអ៊ុយក្រែន និងចង់ឱ្យក្រុមហ៊ុនឯកជនចិន បញ្ឈប់ការនាំចេញបច្ចេកវិទ្យាអឺរ៉ុប ដែលអាចប្រើបាន២មុខ (ស៊ីវិល និងយោធា) ទៅកាន់រុស្ស៊ីផងដែរ។
ប្លុកនេះក៏មានការព្រួយបារម្ភផងដែរ លើ «ទំនាក់ទំនងសេដ្ឋកិច្ចដែលគ្មានតុល្យភាព» ដោយនិយាយថា ឱនភាពពាណិជ្ជកម្មជាមួយចិនជាង ៤៣១,៧ ប៊ីលានដុល្លារ ឆ្លុះបញ្ចាំងពីការរឹតត្បិតលើអាជីវកម្មអឺរ៉ុប។ កន្លងមក ចិនបានប្រឆាំងនឹងការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប លើការដំឡើងប្រាក់ឧបត្ថម្ភធនចំពោះយានយន្តអគ្គិសនីរបស់ចិន។ លើសពីនេះ ចិនក៏ច្រានចោលគោលនយោបាយ «បន្ថយហានិភ័យ» របស់ប្លុក ដើម្បីការកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើការនាំចូលពីចិន ផងដែរ៕
ប្រែសម្រួល៖ ហួន ឌីណា
ប្រភព៖ China’s Xi warns top EU officials not to engage in confrontation https://www.reuters.com/world/top-eu-officials-meet-with-xi-china-summit-with-low-expectations-2023-12-07/
