ប្រធានាធិបតីឥណ្ឌូនេស៊ីសង្ស័យក្រុមរត់ពន្ធមនុស្សខុសច្បាប់ នៅពីក្រោយកំណើនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា
ហ្សាការតា៖ មេដឹកនាំឥណ្ឌូនេស៊ីក្នុងថ្ងៃសុក្រសប្តាហ៍នេះនិយាយថា រដ្ឋាភិបាលរបស់ខ្លួនសង្ស័យថា បណ្តាញជួញដូរមនុស្ស នៅពីក្រោយការកើនឡើងចំនួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានមកដល់ប្រទេសឥណ្ឌូនេស៊ី តាមទូក។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានប្រាប់សន្និសីទសារព័ត៌មានមួយថា មានការសង្ស័យខ្លាំងថា បណ្តាញជួញដូរមនុស្ស មានជាប់ពាក់ព័ន្ធនឹងលំហូរជនភៀសខ្លួនធ្វើដំណើរមកកាន់ប្រទេសឥណ្ឌូនេស៊ី។ លោក វីដូដូ បន្ថែមថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់ការសង្គ្រោះបណ្តោះអាសន្ន ដោយតម្កល់ផលប្រយោជន៍របស់សហគមន៍មូលដ្ឋានជាអាទិភាព។
ប៉ុន្តែជាមួយគ្នានេះ លោក វីដូដូ បានប្ដេជ្ញាថា រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងចាត់វិធានការតឹងរ៉ឹង ប្រឆាំងនឹងអ្នកប្រព្រឹត្តអំពើជួញដូរមនុស្ស។ បើតាមមេប៉ូលិសក្នុងតំបន់ អ្នកស្រុកបីនាក់ត្រូវបានចាប់ខ្លួនពីបទជួញដូរមនុស្ស បន្ទាប់ពីពួកគេបានជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ៣០នាក់ ឱ្យចាកចេញពីជំរុំនៅក្នុងទីក្រុងឡុកសឿម៉ាវេ ខេត្តអាសេ។
ជនសង្ស័យបានទទួលប្រាក់ ៣០០,០០០រូពីឥណ្ឌូនេស៊ី ឬប្រមាណ ១៩.៣២ដុល្លារពីជនភៀសខ្លួនម្នាក់ៗ ដើម្បីជាថ្នូរនាំពួកគេទៅកាន់ទីតាំងផ្សេងទៀតនៅលើកោះស៊ូម៉ាត្រា។
គួរបញ្ជាក់ថា ជនមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើនប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងការបង្រ្កាបនៅឆ្នាំ២០១៧ ដែលស្ថិតនៅក្រោមការស៊ើបអង្កេតអំពើប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ ហើយមនុស្សជាច្រើនបានភៀសខ្លួនឆ្លងព្រំដែនទៅកាន់ជំរុំនៅបង់ក្លាដែស។
នៅទីនោះ មនុស្សរាប់ពាន់នាក់បានប្រថុយជីវិតជារៀងរាល់ឆ្នាំក្នុងការធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់ និងមានតម្លៃថ្លៃ ដើម្បីព្យាយាមធ្វើដំណើរទៅកាន់ម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី ក្នុងចម្ងាយរហូតដល់ ១,៨០០គីឡូម៉ែត្រ។ តួយ៉ាង កាលពីខែមុន ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១,០០០នាក់បានធ្វើដំណើរតាមទូកទៅដល់ខេត្តអាសេ ភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី ដែលនេះជារលកជនភៀសខ្លួនដ៏ធំបំផុតចាប់តាំងពីឆ្នាំ ២០១៥៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា




