លោក ពូទីន ប្រកាសឈរឈ្មោះជាប្រធានាធិបតីម្តងទៀត សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសក្នុងថ្ងៃសុក្រសប្តាហ៍នេះថា រូបលោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីឡើងវិញនៅឆ្នាំ២០២៤ ដែលនឹងអនុញ្ញាតឱ្យមេដឹកនាំវិមានក្រឹមឡាំងរូបនេះ អាចបន្តកាន់អំណាចរយៈពេលជាច្រើនទសវត្សរ៍រហូតដល់ឆ្នាំ២០៣០។

ការប្រកាសឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីឡើងវិញនៅឆ្នាំ២០២៤ របស់លោក ពូទីន ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍មួយនៅឯវិមានក្រឹមឡាំង ជូនដល់បុគ្គលិកកងទ័ព រួមទាំងអ្នកដែលបានតស៊ូប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន ដែលលោក ពូទីន បានបញ្ជាទៅកាលពីខែកុម្ភៈឆ្នាំមុន។

បុរសខ្លាំងរុស្ស៊ី វ័យ ៧១ឆ្នាំរូបនេះ បាននិយាយនៅក្នុងពិធីនោះថា ខ្ញុំនឹងមិនលាក់បាំងវាទៀតទេ នេះជាពេលវេលាដែលត្រូវធ្វើការសម្រេចចិត្ត… ខ្ញុំនឹងឈរឈ្មោះជាប្រធានសហព័ន្ធរុស្ស៊ីម្តងទៀត។ បន្ទាប់ពីកំណែទម្រង់រដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាសក្នុងឆ្នាំ២០២០ ទីបំផុត លោក ពូទីន អាចបន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣៦។

ការបោះឆ្នោតនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែមីនា ឆ្នាំ២០២៤។ គណបក្សធំៗចំនួន ៥ ត្រូវបានអនុញ្ញាតឱ្យដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ ដែលសុទ្ធសឹងតែអ្នកគាំទ្រវិមានក្រឹមឡាំងរបស់លោក ពូទីន និងការធ្វើសង្គ្រាមនៅអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner