ក្រសួងកសិកម្មរៀបចំពិព័រណ៍ផលិត ផល កសិកម្មដែលមានសក្ដានុពលរបស់កម្ពុជា
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធី “កសិកម្ម វាលបៃតង” សម្រាប់ឆ្នាំ២០២៣ ដើម្បីបង្ហាញពីផលិតផលកសិកម្មដែលមានសក្ដានុពលរបស់កម្ពុជា ។
ពិព័រណ៍ផលិតផល កសិកម្ម ដែលបានរៀបចំឡើង នាព្រលប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះដែរត្រូវបាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា៖ការរៀបចំពិព័រណ៍ផលិត ផលកសិកម្មនេះគឺ ក្នុងគោលបំណងបង្ហាញរវាងអ្នកផលិតកសិផលកែច្នៃជាមួយអ្នកជំនួញផ្សេងៗដើម្បីជំរុញទីផ្សារ និងក៏ដូចជាពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយថែមទៀត ។ ការតាំងបង្ហាញនេះដែរគឺជាការបង្ហាញនូវទំនិញនានាដែលកើតចេញពីផលិតផលកសិកម្មនៅកម្ពុជាដើម្បីឱ្យអ្នកចូលរួមបានស្គាល់ ងាយទំនាក់ទំនងគ្នាសម្រាប់ពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយទាំងក្នុងស្រុក និងក៏ដូចជាក្រៅប្រទេស។
ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងដោយបញ្ជាក់បន្ថែមថា”ថ្ងៃនេះមានអ្នកជំនួញតូចធំបានមកជួបជុំគ្នាដើម្បីលើកស្ទួយ និងជ្រោមជ្រែងវិស័យកសិកម្មឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ថ្ងៃខាងមុខនេះយើងអាចនឹងរៀបចំព្រឹត្តិការណ៍មួយនេះបន្តទៀតនិងអាចយូរជាង១ថ្ងៃផង”។
ការរៀបចំកម្មវិធី “កសិកម្ម វាលបៃតង”គេឃើញក្រុមសហគ្រាស និង សិប្បកម្មខ្នាតតូចជាច្រើន បានចូលរួមចាប់ពីម៉ោង ១៧:០០ល្ងាច ដល់ ២១:០០យប់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គួរបញ្ជាក់ថាក្នុងកម្មវិធីនេះដែរអ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិ អង្គទូត និងតំណាងដៃគូអភិវឌ្ឍទាំងអស់ មានឱកាសភ្លក្សម្ហូបអាហារ ជាផលិតផលខ្មែរដែលមានគុណភាព។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះ ក៏បានរៀបចំបង្ហាញដល់ភ្ញៀវកិត្តិយសអំពីការដាល់អំបុក ដែលជាផ្នែកមួយនៃវប្បធម៌ផ្សារភ្ជាប់នឹងវិស័យកសិកម្មដំណាំស្រូវក្រោយប្រមូលផលទៀតផង៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព៖ ហេង សម្បត្តិ








