គណបក្សប្រជាជនកម្ពុជា បើកដំណើរការមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដោយមានសមាជិក សមាជិកាចូលរួមសរុប ៣៦០០រូប
(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានបើកដំណើរការមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា និងមានការចូលរួមពីអនុប្រធានគណបក្ស សមាជិកាគណៈកម្មាធិការកណ្ដាល សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារ ចុះជួយរាជធានី ខេត្ត និងថ្នាក់ដឹកនាំអង្គការមហាជនរបស់គណៈបក្សចូលរួម ដែលមានសមាសភាពសរុប ៣៦០០រូប នៅវិមាន ៧មករា រាជធានីភ្នំពេញ ។ របៀបវារៈនៃមហាសន្និបាតវិសាមញ្ញនេះ ក៏មានការបញ្ចូលសមាជិកគណៈកម្មាធិការកណ្តាលបន្ថែម ការបន្ថែមអនុប្រធានគណបក្ស និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ផងដែរ ។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលដំណើរការទៅរយៈពេល ២ថ្ងៃ ថា ការប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សនាពេលនេះ នៅក្នុងដំណាក់កាលដ៏ពិសេសដែលរដ្ឋសភា នីតិកាលទី៧ ទើបបានបង្កើតឡើងនូវរាជរដ្ឋាភិបាលថ្មីដឹកនាំដោយឥស្សរជនបន្តវេនវ័យក្មេង បន្ទាប់ពីគណបក្ស បានគិតគូរត្រៀមទុកជាមុនជាយូរមកហើយ។ ការត្រៀមលក្ខណៈសម្រាប់ការបន្តវេន គឺជារឿងចាំបាច់ ហើយពេលវេលាដែលត្រូវប្តូរជំនួសគ្នា ក៏ត្រូវបានពិនិត្យពិច័យយ៉ាងល្អិតល្អន់ ដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍបន្តទៀត។
សម្ដេចបន្តថា ការវិវត្តនៃសភាពការណ៍កម្ពុជា តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រលើសលប់ ៨២,៣% បានបញ្ជាក់ច្បាស់ថា ប្រជាជនបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគាំទ្រសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ប្រកបដោយក្តីជឿជាក់បំផុត ព្រោះអង្គទាំងបីនេះ គឺជាប្រធានបទគោលចម្បងដែលយើងបានធ្វើការឃោសនានៅពេលបោះឆ្នោត។ ដូច្នេះ គឺពិតជាផ្ដើមពីលទ្ធផលនៃការបោះឆ្នោតនេះហើយ ដែលអនុញ្ញាតឱ្យគណបក្ស កំណត់ពេលវេលាជាក់លាក់ សម្រាប់ការបន្តវេនរបស់ជំនាន់ថ្មី គឺត្រូវចាប់ផ្តើមពីដើមនីតិកាលទី៧ នៃរដ្ឋសភានេះតែម្តង ។
សម្ដេចចក្រី ហេង សំរិន បានបន្ថែមថា បន្ទាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧បានចាប់បដិសន្ធិឡើងរហូតមកដល់ពេលនេះ មានរយៈពេលជិត៤ខែហើយ ហើយពិតណាស់ថា ក្រោមការដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលថ្មី ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សភាពការណ៍ទូទៅរបស់កម្ពុជានៅបន្តរក្សាបានប្រក្រតីភាពលើគ្រប់ផ្នែកនយោបាយ ពិសេសការងារការបរទេស ការទូត កាន់តែមានភាពមមារញឹកខ្លាំងឡើង។ ទន្ទឹមនេះ អ្វីដែលបានចេញដំណើរភ្លាមដែរនោះ គឺកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ក៏ត្រូវបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ហើយយុទ្ធសាស្ត្របញ្ចកោណ សង្គម សេដ្ឋកិច្ច ដំណាក់កាលទី១ ដែលជារបៀបវារៈគោលនយោបាយសង្គមមាសដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ត្រូវបានចាប់អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ ជាការសន្និដ្ឋាន ការចេញដំណើររបស់ជំនាន់ថ្មី មានភាពស្វាហាប់ប្រកបដោយថាមពលរឹងមាំដែលផ្តល់ទំនុកចិត្តនិងក្តីសង្ឃឹមសម្រាប់ប្រជាជន និងប្រទេសជាតិយើង ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និងបង សួង ពិសិដ្ឋ













