ទីក្រុងស៊ីដនីរបស់អូស្រ្តាលី រងការវាយប្រហាយពីរលកកម្តៅដ៏ខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល ៣ឆ្នាំ

ស៊ីដនី៖ រលកកំដៅបានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអូស្ត្រាលី និងបានធ្វើឱ្យសីតុណ្ហភាពក្នុងទីក្រុងស៊ីដនី ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលបីឆ្នាំ នៅក្នុងថ្ងៃសៅរ៍សប្តាហ៍នេះ ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យកំពុងតស៊ូប្រយុទ្ធនឹងភ្លើងឆេះព្រៃ។

អាជ្ញាធរអូស្រ្តាលីបានព្រមានដល់ជនងាយរងគ្រោះបំផុត ក្នុងនោះមានមនុស្សចាស់ និងក្មេងៗតូចៗឲ្យស្នាក់នៅក្នុងអគារមានសីតុណ្ហភាពត្រជាក់ ស្របពេលដែលមជ្ឈមណ្ឌលតាមដានឧតុនិយមទីក្រុងស៊ីដនី បានកត់ត្រាសីតុណ្ហភាពកើនដល់ ៤០អង្សាសេនៅពេលរសៀល ដែលជាថ្ងៃក្តៅបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០។

ចំណែកនៅទីក្រុងរីចម៉ុន នៅភាគខាងលិចឆ្ងាយនៃទីក្រុងស៊ីដនី ទែម៉ូម៉ែត្រវាស់សីតុណ្ហភាពកើនឡើងដល់ ៤៣.៨អង្សាសេ។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក អាន់ថូនី អាល់បាណេស បានប្រាប់សន្និសីទកាសែតថា ថ្ងៃនេះ ជាមួយនឹងកម្រិតកំដៅដ៏ខ្ពស់មិនធ្លាប់មាន វាដល់ពេលដែលត្រូវធានាថា ពួកយើងគួរតែមើលថែគ្នាទៅវិញទៅមក និងរក្សាសុវត្ថិភាព។

នាយករដ្ឋមន្ត្រីអូស្រ្តាលីរូបនេះបន្ថែមថា ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដល់សុខភាពមនុស្ស ក៏ដូចជាបរិស្ថានរបស់យើង ហើយយើងត្រូវទទួលស្គាល់ថា មានតម្រូវការជាបន្ទាន់ ដើម្បីឆ្លើយតបដ៏ទូលំទូលាយមួយ។

គួរបញ្ជាក់ថា ការិយាល័យឧតុនិយមរបស់ប្រទេសអូស្ត្រាលីបានបញ្ជាក់កាលពីខែកញ្ញាថា បាតុភូតអាកាសធាតុ El Nino កំពុងដំណើរការ ដែលនាំមកនូវលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ងួតដល់ប្រទេសអូស្រ្តាលី។ ជាមួយគ្នានេះ អ្នកជំនាញរំពឹងថា រដូវក្តៅរបស់ប្រទេសអូស្ត្រាលី នឹងនាំមកនូវរដូវកាលភ្លើងឆេះព្រៃដ៏ខ្លាំងបំផុត ចាប់តាំងពីគ្រោះមហន្តរាយឆ្នាំ ២០១៩-២០២០៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner