ធនាគារអភិវឌ្ឍន៍អាស៊ី អបអរសាទរកម្មវិធីបណ្តុះបណ្តាល ជំនាញ បច្ចេកទេស វិជ្ជាជីវៈដល់យុវជន ១.៥លាននាក់ របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយ លោក Anthony Gill នាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជានិង ក្រុមការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ប្រភពក្រសួងការងារបានឱ្យដឹងថា ក្នុងជំនួបដែលប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែធ្នូនេះលោកនាយកស្តីទីADB បានសរសើរនិងអបអរសាទរ ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនគោលដៅ១.៥លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកនាយកស្តីទីបានគូសបញ្ជាក់ថា លោកសូមអបអរសាទររាជ រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។

ចំណែកឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារបានថ្លែងអំណរគុណដល់ ADBដែលបានអបអរសាទរចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិត១(C1)ដែលជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់ជំនាញជាក់លាក់ និងឱកាសការងារសមរម្យ សម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីកិច្ចការងារជាច្រើនដែលក្រសួង បានធ្វើរួចមកហើយដើម្បីធានាថា យុវជនដែលជាសិក្ខាកាមមានជំនាញ ជាក់លាក់ ប្រសិទ្ធភាព និងឱកាសចុះកម្មសិក្សាដែលជាការហាត់ការ ជាក់ ស្តែងនៅតាមរោងចក្រសហគ្រាស។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយជាច្រើនលើការបណ្តុះ បណ្តាល ជំនាញជាមួយក្រសួង ហើយរំពឹងថា ធនាគាអភិវឌ្ឍន៍អាស៊ីមួយនេះ នឹងបន្តគាំទ្រជួយលើគម្រោងនានារបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបន្ថែមទៀត។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន១.៥លាននាក់ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ រយៈពេល៤ខែ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀល បន្ថែម៕

ដោយ៖វណ្ណលុក ,រូបភាព៖ក្រសួងការងារ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner