លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ កិត្តិសព្ទកីឡាកម្ពុជា កាន់តែល្បីល្បាញលើឆាកអន្តរជាតិ

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើងថា ការប្រកួតកីឡារាំ ជាការបំផុសស្មារតីមហាជនឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡារបស់កម្ពុជា ឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ ដោយកម្ពុជា ទៅដល់ទីណា គឺមានទង់ជាតិកម្ពុជាបង្ហាញឲ្យអន្តរជាតិបានស្គាល់នៅទីនោះ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នៅក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានអូឡាំពិក ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ជាមួយគ្នានេះ កម្ពុជាក៏ត្រូវរក្សាឱ្យបាននូវគុណធម៌ផ្នែកកីឡា គឺការលេងកីឡាដោយស្មើភាពគ្នា និងទទួលយកនូវលទ្ធផលនៃការចាញ់ឈ្នះ ដោយនេះជាឥរិយាបថមួយដ៏ប្រពៃដែលកីឡាករកម្ពុជាគ្រប់រូបត្រូវប្រកាន់ខ្ជាប់នៅគ្រប់វេទិកាទាំងអស់។

«ខ្ញុំសូមផ្តាំទៅយុវជន យុវនារីកម្ពុជាទាំងអស់ រាប់ទាំងកីឡាករ កីឡាការិនី ក្រុមថ្នាលនៅទីនេះត្រូវខិតខំថែរក្សារាងកាយ និងកុំប៉ះពាល់ឱ្យសោះជាមួយនឹងគ្រឿងញៀន ព្រោះវាបំផ្លាញទៅដល់អនាគតរបស់យើង ទាំងការរៀនសូត្រ ការប្រកបមុខរបរ ការងារ និងសុភមង្គលគ្រប់បែបយ៉ាង»។

លោកជំទាវបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសហព័ន្ធកីឡាជាតិ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការសម្រេចបាននូវលទ្ធផលល្អរបស់វិស័យកីឡាគួរជាទីពេញចិត្ត និងបានបង្ហាញនូវមោទនភាពជាតិលើឆាកជាតិ និងអន្តរជាតិ។

លោកជំទាវបណ្ឌិតសង្កត់ធ្ងន់ថា ការរៀបចំការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិនាពេលនេះពិតជាបានបង្ហាញអំពីសុខសន្តិភាព និងការអភិវឌ្ឍលើវិស័យកីឡារបស់កម្ពុជា ពិសេសជាឱកាសមួយដែលផ្តល់ឱ្យកីឡាករ កីឡាការិនីរាំអាចសាកល្បងសមត្ថភាព មុនពេលចូលរួមប្រកួតកីឡា ASEAN Indoor Games ២០២៤ នៅប្រទេសថៃ ការប្រកួតអូឡាំពិក នៅប្រទេសបារាំង និងត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth Games) លើកទី៥ នាឆ្នាំ២០២៩ ដែលកម្ពុជា ជាម្ចាស់ផ្ទះ ក៏ដូចចេញទៅប្រកួតនៅបណ្តាប្រទេសនានា លើឆាកអន្តរជាតិ ។

ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ គឺជាព្រឹត្តិការណ៍មួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមដូចជា៖ សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារពាណិជ្ជកម្ម និងសុខភាពជាដើម។

កត្តាទាំងនេះហើយដែលកម្ពុជាត្រូវខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គីភាពជាតិ និងកម្លាំងសេដ្ឋកិច្ចកម្ពុជា ដែលបានធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយមួយក្រោមនយោបាយ ឈ្នះ-ឈ្នះ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយក៏ជាការប្តេជ្ញាចិត្តក្នុងនាមកម្ពុជាជាសមាជិកអាស៊ាន។

លោកជំទាវបណ្ឌិត គូសបញ្ជាក់ទៀតថា ក្រោយពីបានស្តាប់របាយការណ៍ ការវិវឌ្ឍ បញ្ហាប្រឈមរបស់សហព័ន្ធកីឡារាំកម្ពុជា លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់កោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា និងអនុប្រធានកិត្តិយស អគ្គលេខាធិការ អគ្គលេខាធិការរង គ្រូបង្វឹក និងក្រុមការងារប្រតិបត្តិ ក្រសួងពាក់ព័ន្ធសប្បុរសជន វិស័យឯកជន ដែលកន្លងមកបានខិតខំតស៊ូចែករំលែក សហការគ្នាដឹកនាំពង្រឹងសហព័ន្ធកីឡារាំតាំងពីបាតដៃទទេ មានតែសិស្ស៣នាក់រហូតសហព័ន្ធរីកចម្រើន មានធនធានកីឡាករកីឡាការិនីឆ្នើមច្រើន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានចូលជាសមាជិករបស់សហព័ន្ធកីឡារាំអាស៊ី និងសហព័ន្ធកីឡារាំពិភពលោក ពិសេសចេញទៅប្រកួតលើឆាកអន្តរជាតិជាមួយ ប្រទេសធំៗទទួលបានមេដាយច្រើនគួរជាទីមោទនៈ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner