លោក ស៊ី ជីនពីង ធ្វើដំណើរទៅដល់វៀតណាមហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងក្នុងពេល ៦ឆ្នាំ

ហាណូយ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើដំណើរទៅដល់ប្រទេសវៀតណាមហើយ នៅថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកក្នុងរយៈពេល ៦ឆ្នាំ ខណៈដែលចិនស្វែងរកការប្រឆាំងនឹងការកើនឡើងឥទ្ធិពលអាមេរិកជាមួយវៀតណាម។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវបានរំពឹងថា នឹងជួបជាមួយមេដឹកនាំបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចរបស់វៀតណាម គឺលោក ង្វៀន ភូទ្រុង បន្ទាប់ពីទីក្រុងហាណូយបានបានបង្កើនទំនាក់ទំនងការទូតជាមួយទីក្រុងវ៉ាស៊ីនតោន ពោលគឺនៅពេលដែលលោកប្រធានាធិបតី ចូ បៃដិន បំពេញទស្សនកិច្ចកាលពីខែកញ្ញា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន និយាយថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី នឹងផ្តោតលើការពិភាក្សា ស្តីពីការនាំយកទំនាក់ទំនងរវាងចិន-វៀតណាមឱ្យកាន់តែខ្ពស់បន្ថែមទៀត។

មានន័យថា លោក ស៊ី នឹងជំរុញឱ្យវៀតណាមចូលរួមជាមួយ “សហគមន៍នៃជោគវាសនារួម”របស់គាត់ ដែលសំដៅដល់ចក្ខុវិស័យ នៃកិច្ចសហប្រតិបត្តិការនាពេលអនាគតលើបញ្ហាសេដ្ឋកិច្ច សន្តិសុខ និងនយោបាយ។ លោក វ៉ាង បន្ថែមថា របៀបវារៈសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៊ី រួមមាននយោបាយ សន្តិសុខ កិច្ចសហប្រតិបត្តិការជាក់ស្តែង ការបង្កើតមតិសាធារណៈ បញ្ហាពហុភាគី និងបញ្ហាដែនសមុទ្រ។

នៅថ្ងៃពុធស្អែកនេះ លោក ស៊ី នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីងជីញ និងប្រធានាធិបតីវៀតណាម លោក វ៉ូ វ៉ាន់ធួង ហើយនឹងអញ្ជើញដាក់កម្រងផ្កានៅវិមានរបស់មេដឹកនាំបដិវត្តន៍ហូជីមិញ។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី នេះដែរកើតឡើង ចំពេលមានភាពតានតឹងខ្លាំងរវាងចិន និងហ្វីលីពីននៅសមុទ្រចិនខាងត្បូង ដោយសារការប្រឈមមុខដាក់គ្នារវាងនាវារបស់ប្រទេសទាំងពីរនៅតំបន់ថ្មប៉ប្រះទឹក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner