ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ ទទួល​បាន​ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូក្នុងវិស័យសកម្មភាពមីន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖តំណាងអង្គការស្មារតីនៃអ្នកកីឡា (Spirit of Soccer_SOS) ​លោក បេន ប៊្រេត(Ben Brett) បានប្រគល់ពានរ​ង្វា​ន់ភាពជាអ្នកដឹកនាំគំរូក្នុងវិស័យសកម្មភាពមីន​ដល់​ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ​ដែលជាការលើកទឹកចិត្តចំពោះសកម្មភាពដ៏ឆ្នើម​។

ពិធីប្រគល់ពានរង្វាន់នេះបានធ្វើឡើង​នាថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០២៣ ​នៅទីស្នាក់ការអាជ្ញាធរមីន ។​លោក Ben Brett បានថ្លែង​នាឱកាសនោះថា វា​ពិតជាបង្ហាញនូវ​​កិត្តិយសណាស់ដែលលោក​បានមកទីនេះ​ ដែល​តំណាងឱ្យអង្គការ​ស្មារតីនៃអ្នកកីឡា​ ដើម្បីប្រគល់ពានរង្វាន់នេះជូនឯកឧត្តម លី ធុច សម្រាប់ការដឹកនាំដ៏ឆ្នើម និងជាជើងឯកពិតប្រាកដក្នុង​សកម្មភាពមីន។ ​

លោក​បាន​ថ្លែងថា ៖ «ដូចដែលយើងទាំងអស់គ្នាដឹងហើយថា គ្រាប់​មីន និងយុទ្ធភ័ណ្ឌមិនទាន់​ផ្ទុះ​​ គឺជាកា​រគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សុវត្ថិភាព និងសុខុមាលភាពរបស់មនុស្សជុំវិញពិភពលោក។ ពួក​គេ​ជា​ឃាតករ​​ដែលបាន​​ធ្វើ​បាប និង​សម្លាប់​ជន​ស៊ីវិល​ស្លូតត្រង់ រួម​ទាំង​កុមារជាច្រើ​ននាក់ដោយ​​មិនរើសអើង​​»។

លោក Ben Brett បាន​បន្តថា តាមរយៈការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់​ឯកឧត្តម លី ធុជ បានធ្វើឱ្យប្រតិបត្តិករអាចលុបបំបាត់ការគម្រាមកំហែងដោយផ្ទុះទាំងនេះពីសហគមន៍ទូទាំងប្រទេសកម្ពុជា ដោ​យ​បានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋក្នុងការកសាងសហគមន៍រប​ស់ពួកគេឡើងវិញ ប្រកបដោយសុវត្ថិភាព និងសន្តិសុខ។

លោកមានប្រសាសន៍ថា ៖ «​ក្រៅពីការងារក្នុងសកម្មភាពមីន ឯកឧត្តមបណ្ឌិត លី ធុជ ក៏ជាអ្នកគាំទ្រ​មួយរូបរបស់អង្គការ Spirit of Soccer ក្នុងកម្មវិធីអប់រំកុមារ​ពីគ្រោះថ្នាក់នៃគ្រាប់មីន។ ការប្តេជ្ញាចិត្តរបស់ឯកឧត្ត​មបណ្ឌិត​ចំពោះសកម្មភាពមីន និងការគាំទ្រអង្គការ SOS គឺជាសក្ខីភាពបញ្ជាក់​ពីចរិតលក្ខណៈ និងកា​រប្តេជ្ញាចិត្តក្នុងការធ្វើឱ្យពិភពលោកកាន់តែល្អប្រសើរ»​។

ក្នុង​ពេលទទួល​ពានរង្វាន់នោះដែរឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ បានលើកឡើង​ដែរថា ​ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូនេះ មិនមែនសម្រាប់តែរូបលោក និងស្ថាប័នអាជ្ញាធរមីនទេ តែ​វាគឺជាពានរង្វាន់ឆ្លុះបញ្ចាំងពីកិច្ចខិ​តខំប្រឹងប្រែងក្នុងការបំពេញកាតព្វកិច្ច និងការទទួលបាននូវសមិទ្ធផលរួមគ្នារបស់រដ្ឋាភិបាល ម្ចាស់ជំ​នួយ ដៃគូរអភិវឌ្ឍ ប្រតិបត្តិករ សប្បុរសជន គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានផ្តល់​ការគាំទ្រដោយគ្មានលក្ខខណ្ឌដល់សកម្មភាពមីននៅកម្ពុជា។​

លោកបាន​មានប្រសាសន៍ថា ៖ «ពានរង្វាន់នេះ គឺជារង្វាន់​កើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់សម្តេ​ច​តេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពជូនប្រទេសជាតិ សម្រាប់ធ្វើជាមូ​លដ្ឋានគ្រឹះ​នៃសកម្មភាពមីន និងការអភិវឌ្ឍ ហើយជាងនេះទៅទៀត វាកើតចេញពីការតាំងចិត្តយ៉ាងមុះមុតរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ក្នុងការបន្តការការពារសន្តិភាព និងស្ថិរភាពរបស់ប្រទេ​សជាតិ និងដឹ​កនាំ​​ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីន»។​

បើតាម​ឯកឧត្តម លី ធុជ ចាប់តាំងពីឆ្នាំ១៩៩៦ អង្គការ SOS បាននិងកំពុងផ្តល់ការអប់រំ​ពីហានិភ័យនៃកិច្ចស​ង្គ្រោះជីវិតដល់កុមារ និងសហគមន៍នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ឬក្រោយសង្រ្គាម នៅក្នុងប្រទេសជាង ១០ ជុំវិញពិភពលោក ដោយបានអប់រំដោយផ្ទាល់ដល់កុមារជាងមួយលាននាក់ និងបានប​ណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រូបង្វឹកបាល់ទាត់ជាង ២ ០០០ នាក់។

អង្គការ SOS បានចាប់ផ្តើមបំពេញការងាររបស់ខ្លួននៅប្រទេសកម្ពុជា ក្នុងកម្មវិធីបាល់ទាត់ និងអប់រំការយ​ល់​ដឹងអំពីមីន ចាប់តាំងពីឆ្នាំ ២០០៦ ហើយបានបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់ចំនួន ១៦៧ នាក់ ក្នុ​ង​​កម្រិតទទួលស្គាល់ជាអន្តរជាតិ និងបានជួយសង្រ្គោះជីវិតកុមារជាង ៥០០ ០០០ នាក់ រួមទាំងសហគមន៍​រងផលប៉ះពាល់ ផងដែរ៕

ដោយ៖នាង សុគន្ធា

ads banner