សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា កំពុងដាក់ចេញនូវ​ទិសដៅក្នុងការប្រែក្លាយការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ ទៅជាបែបយុទ្ធសាស្ត្រ បម្រើឱ្យការនាំចេញ

ហាណូយ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ជិន បា សឿង (Tran Ba Duong) ប្រធានក្រុមប្រឹក្សា​ភិបាលក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO) និងសហការី ចូលជួប​សម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញ​ទស្សនកិច្ច​ផ្លូវការរយៈពេលពីរ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយម​វៀតណាម ។

ប្រភពពីមន្រ្តីក្រុមការងារបានឱ្យដឹងថា ក្នុងជំនួបនេះ លោក ជិន បា សឿង បានថ្លែងអំណរគុណចំពោះ សម្តេច​ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក​អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែង​ការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរ​ចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាត​គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុ​ប្រធានគណបក្សប្រជាជនកម្ពុជា ។ ទន្ទឹមគ្នានេះ លោក ជិន បា សឿង ក៏បានជម្រាបជូន សម្តេចធិបតី អំពី​សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ជាពិសេស ការដុះដំណាំហូបផ្លែ, ដំណាំឧស្សាហកម្ម, រោងចក្រកែច្នៃ និងការចិញ្ចឹមសត្វ ព្រមជាមួយនឹង​ទិសដៅ​ក្នុងការពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីរួម​ចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើត​ការងារជូនប្រជាពលរដ្ឋកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងការវាយតម្លៃខ្ពស់ចំពោះការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យកសិកម្មនៅកម្ពុជា ស្របពេលដែល​រាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវទិសដៅក្នុងការប្រែក្លាយការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ ទៅជា​បែបយុទ្ធសាស្ត្រ បម្រើឱ្យការនាំចេញ ។ ដោយឡែក សម្តេចធិបតី ក៏បានរំឭកអំពីវិធានការមុតស្រួចមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ដែល​បានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លង​ទៅ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលវិស័យឯកជន​កំពុងជួបប្រទះ នៅក្នុងការធ្វើធុរកិច្ច ដោយសំដៅធ្វើយ៉ាង​ណាទាក់ទាញ និងជំរុញការវិនិយោគបន្ថែមទៀត ទាំងប្រភពក្នុងស្រុក និងមកពីបរទេស ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner