សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំ ធនាគារ BIDV ចូលជួបសម្តែងការគួរសម នៅរដ្ឋធានី​ហាណូយ

ហាណូយ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោក ផាន ឌុច ទូ (Phan Duc Tu) ប្រធានក្រុមប្រឹក្សាភិបាល​ធនាគារ​វិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) និងសហការី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញ​ទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

ប្រភពមន្រ្តីក្រុមការងារបានឱ្យដឹងថា ក្នុងជំនួបនេះ លោក ផាន ឌុច ទូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបាន​ជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពអាជីវកម្ម​របស់​ធនាគារ BIDV ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៧ ហើយនៅក្នុងប្រទេសកម្ពុជា ធនាគារ BIDC ក៏មានសកម្ម​ភាព​អាជីវកម្មផ្សេងទៀត ក្រៅពីសេវាកម្មធនាគារ ដើម្បី​គាំទ្រដល់វិស័យពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ។ លើសពីនេះ ធនាគារក៏បានចូលរួមចំណែក​ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យធនាគារ និងការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត ផងដែរ ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមាន​របស់ថ្នាក់ដឹកនាំរបស់ធនាគារ BIDV និងបានសម្តែងនូវ​ការ​អរគុណចំពោះការបណ្តាក់ទុនវិនិយោគក្នុង​វិស័យ​ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ហើយដែលក្នុង​រយៈ​កាល​កន្លងមកនេះ ធនាគារ BIDV បានទទួលជោគជ័យ​គួរឱ្យកត់សម្គាល់ នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ព្រមជាមួយនឹងការលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តពង្រីក​វិសាលភាពនៃសេវាកម្ម និងនាំយកនូវបច្ចេកវិទ្យាថ្មីៗ​ក្នុងផ្នែកសេវាកម្មហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនដល់​អតិថិជន​​នៅក្នុងប្រទេសកម្ពុជា បន្ថែមទៀត ។
សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះការ​ចូលរួមចំណែករបស់ធនាគារ BIDV នៅក្នុងការលើក​កម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការ​
ផ្តល់​នូវអាហារូបករណ៍សម្រាប់សិស្ស-និស្សិតកម្ពុជា ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner