អ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយរូបស្នើរាជរដ្ឋាភិបាល ពិចារណា លើការធ្វើឧត្តមភាពប្រៀបធៀបនៃទំនិញសម្រាប់នាំចេញ

ភ្នំពេញ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយរូប បានស្នើរាជ រដ្ឋា ភិបាល ពិចារណាលើការធ្វើឧត្តមភាពប្រៀបធៀប នៃទំនិញ សម្រាប់នាំចេញទៅវៀតណាម ពោលគឺជំរុញការវិនិយោគពី វៀតណាមមកកម្ពុជា ដើម្បីបង្កើតការងារ និងបង្កើតតម្លៃ បន្ថែមនៅក្នុងប្រទេស ហើយកែច្នៃ រួចនាំចេញទៅវៀតណាម វិញ ស្របពេលដែលប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា-វៀតណាម ប្រកាសដាក់ទិសដៅជំរុញទំហំពាណិជ្ជកម្ម ទ្វេ ភាគីឱ្យសម្រេចបាន ២០ប៊ីលានដុល្លារ នៅពេលដ៏ខ្លីខាងមុខ ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចលោកបណ្ឌិត គី សេរីវឌ្ឍន៍ បានប្រាប់ បណ្ដាញព័ត៌មានទូរទស្សន៍អប្សរា នារសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណា ចក្រកម្ពុជា នៅប្រទេសវៀតណាម ជាការពង្រឹង ទំនាក់ទំនង ទ្វេភាគីរវាងប្រទេសទាំងពីរ ព្រោះប្រទេស វៀតណាម គឺជាដៃគូទំនាក់ទំនងពាណិជ្ជកម្មធំរបស់កម្ពុជា ។ វៀតណាម ក៏មានការវិនិយោគ និងមានភ្ញៀវ ទេសចរ មកកាន់ ប្រទេស កម្ពុជា ច្រើនផងដែរ ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះ បានបន្តថា ទាក់ទងនឹងទំហំ ពាណិជ្ជកម្មដែលមានទឹកប្រាក់ដល់ ១១ប៊ីលានដុល្លារ ក្នុង ឆ្នាំ២០២២ យើងមើលឃើញថា ការនាំចេញពីកម្ពុជា ទៅកាន់ ប្រទេស វៀតណាម ក៏មានចំនួនច្រើនដែរ ។កម្ពុជា បាននាំ កសិផលភាគច្រើនទៅកាន់ប្រទេសវៀតណាម ហើយកម្ពុជា បាននាំចូលពីវៀតណាមមកវិញ ក៏មានច្រើនដូចជា កសិផល ផលិតផលដែកសម្ភារៈសំណង់ សម្ភារៈប្រើប្រាស់នានា រួមទាំងគ្រឿងអេឡិចត្រូនិកជាច្រើនទៀត ។

សូមជម្រាបថា ក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍ ដំណើរ ទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាម ដែលរៀបចំ ដោយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅយប់ថ្ងៃទី១១ ខែធ្នូ នាទីក្រុងហាណូយ សាធារណរដ្ឋ សង្គម និយមវៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និង វៀតណាម មិនត្រឹមតែបានសម្រេច នូវគោលដៅពាណិជ្ជកម្ម ៥ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ប៉ុណ្ណោះទេ ថែមទាំង បានកើនឡើងឈានដល់ជិត ១១ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២២ ។ ជាមួយគ្នានេះ សម្ដេចធិបតី និងឯកឧត្តម ផាម មិញជិញ ក៏បានដាក់គោលដៅ ពាណិជ្ជកម្មទ្វេភាគី ឈានដល់ សម្រេចបាន ២០ប៊ីលានដុល្លារ ក្នុងរយៈពេលខ្លីខាងមុខ ។

ថ្លែងពាក់ព័ន្ធនឹងការប្រកាសដាក់ទិសដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ឱ្យសម្រេចបាន ២០ប៊ីលានដុល្លារ នៅពេលដ៏ខ្លីខាងមុខ របស់មេដឹកនាំរដ្ឋាភិបាលទាំងពីរនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានអះអាងថា ការជំរុញទំហំ ពាណិជ្ជកម្មប្រទេសទាំងពីរឱ្យឡើងដល់ ២០ប៊ីលានដុល្លារ នេះ ដោយមើលឃើញថា ទី១-យោងទៅតាមការរីក ចម្រើន នៃប្រទេសវៀតណាមបច្ចុប្បន្ន គឺការនាំចេញរបស់គាត់ ធំ ជាងការនាំចូល, ទី២-ប្រទេសវៀតណាម មានអ្នកប្រើប្រាស់ ច្រើន មានការផលិតច្រើន មានតម្លៃដើមទាប ដូច្នេះហើយ ការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានព្រំ ប្រទល់ ជាមួយគ្នា គឺនឹងជួយជំរុញ ឱ្យពាណិជ្ជកម្មកាន់តែធំ ដោយវា មិនខុសអ្វីពីសហរដ្ឋអាមេរិក ជាមួយប្រទេសមិកសិក នោះទេ ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ក៏បានស្នើសុំទៅ រាជ រដ្ឋា ភិបាល ពិចារណាលើការធ្វើឧត្តមភាពប្រៀបធៀប នៃទំនិញ សម្រាប់នាំចេញទៅប្រទេសវៀតណាមផង ។លោកបន្តថា កាលណាយើងនាំចេញតែវត្ថុធាតុដើម គឺយើងនឹងបាត់ បង់តម្លៃបន្ថែមច្រើន ដូច្នេះការជំរុញបង្កើតឱ្យមានតម្លៃបន្ថែម ពោលគឺការជំរុញអ្នកវិនិយោគពីវៀតណាមចូលមកកម្ពុជា នោះយើងបានបង្កើតការងារ និងបង្កើតតម្លៃបន្ថែម នៅក្នុង ប្រទេស ដោយយើងធ្វើកែច្នៃនៅផលិតផលណា ដែល វៀតណាម ផលិតមិនបាន ហើយពេលកម្ពុជាផលិតបាន មានតម្លៃដើមទាបជាង ចាំយើងនាំចេញទៅវៀតណាមវិញ ។ ដោយឡែកចំពោះផលិតផលណាដែលកម្ពុជាផលិតមិនបាន តែវៀតណាមផលិតបាន ចាំយើងនាំចូល ពោលគឺយើង ធ្វើជាមួយគ្នាដោយស្មើមុខស្មើមាត់គ្នា ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner