កូឡុំប៊ីរឹបអូសបានគ្រឿងញៀនកូកាអ៊ីនចំនួន ១៩៥តោនក្នុងពេល ៦សប្តាហ៍
បូហ្គោតា៖ កងទ័ពជើងទឹកកូឡុំប៊ី នៅថ្ងៃចន្ទសប្តាហ៍នេះប្រកាសថា ប្រតិបត្តិការមួយដែលបានធ្វើឡើងជាមួយប្រទេសចំនួន ៤២ រឹបអូសបានកូកាអ៊ីនចំនួន ១៩៥តោន ក្នុងរយៈពេល៦សប្តាហ៍ ដែលនេះជាកំណត់ត្រាមួយ ចាប់តាំងពីការបង្កើតយុទ្ធនាការកងទ័ពជើងទឹក (Orion) កាលពី ៥ឆ្នាំមុន។
មេបញ្ជាការកងទ័ពជើងទឹកកូឡុំប៊ី លោកឧត្តមនាវីឯក Francisco Cubides បាននិយាយក្នុងសន្និសិទកាសែតថា ប្រតិបត្តិការរួមគ្នាជាមួយប្រទេសចំនួន ៤២ រឹបអូសបានគ្រឿងញៀនប្រភេទកូកាអ៊ីនចំនួន ១៩៥តោន និងចាប់ខ្លួនជនសង្ស័យ ៥៧៤នាក់ ក្នុងរយៈពេល ៦សប្តាហ៍។ ក្នុងនោះមានគ្រឿងញៀនប្រភេទកញ្ឆា ១៧៦តោន, ទូកចំនួន ១១៣គ្រឿង, នាវាមុជទឹកចំនួន ៦ និងយន្តហោះ ២គ្រឿងផងដែរ។
លោកបន្តថា អាជ្ញាធរបានរួមបញ្ចូលគ្នានូវកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីបង្រ្កាបការគំរាមកំហែងទូទៅ នៃការជួញដូរគ្រឿងញៀន។
គួរបញ្ជាក់ថា យុទ្ធនាការអន្តរជាតិនៅឆ្នាំ២០២០ រឹបអូសគ្រឿងញៀនប្រភេទកូកាអ៊ីនបានចំនួន ៥០តោន ខណៈដែលនៅឆ្នាំ២០២១ បង្ក្រាបបានរហូតដល់ ១១៦តោន។
កូឡុំប៊ីដែលជាប្រទេសផលិតកូកាអ៊ីនដ៏ធំបំផុតរបស់ពិភពលោក បានបង្កើនដំណាំស្លឹកកូកាជិត ១៣ភាគរយក្នុងឆ្នាំ២០២២ ដល់២៣០,០០០ហិកតា នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


