ប្រជាជនរុស្ស៊ីខ្វាយខ្វល់ឡើងថ្លៃទំនិញ បង្កពីទណ្ឌកម្មលោកខាងលិច

មូស្គូ៖ ប្រជាជនរុស្ស៊ីបានសម្តែងការព្រួយបារម្ភ អំពីការកើនឡើងថ្លៃដើមម្ហូបអាហារ និងស៊ុត ដែលចង្អុលទៅស្ថានភាពផុយស្រួយ នៃសេដ្ឋកិច្ចដែលរងទណ្ឌកម្មពីលោកខាងលិច ខណៈដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្វែងរកអាណត្តិទី៥។

តម្លៃស៊ុតហក់ឡើង ៤០ភាគរយក្នុងខែវិច្ឆិកាឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទីភ្នាក់ងារស្ថិតិរុស្ស៊ី Rosstat។ ជុំវិញបញ្ហានេះដែរ ប្រជាជនរុស្ស៊ីម្នាក់បានរៀបរាប់ប្រាប់សារព័ត៌មាន AFP នៅទីក្រុងមូស្គូ ក្នុងថ្ងៃចន្ទសប្តាហ៍នេះថា ខ្ញុំរន្ធត់ណាស់… អ្វីដែលកំពុងកើតឡើងជាមួយនឹងតម្លៃទំនិញ គឺជាសុបិន្តអាក្រក់។ មិនថា តម្លៃស៊ុតទេ គ្រប់មុខទំនិញក៏ឡើងថ្លៃដែរ។

ប្រជាជនរុស្ស៊ីម្នាក់ទៀតបាននិយាយថា ខ្ញុំធ្លាប់ទិញស៊ុតក្នុងតម្លៃ ៧០រូប្លិ៍ប៉ុណ្ណោះនៅហាង ប៉ុន្តែឥឡូវនេះវាមានតម្លៃប្រហែល ១៣០ ទៅ១៤០រូប្លិ៍។ បើតាមការបញ្ជាក់ពីអ្នកជំនាញ ការឡើងតម្លៃស៊ុតខាងលើនេះ គឺបណ្តាលមកពីការកើនឡើងតម្លៃអាហារបសុបក្សី និងផលិតផលបសុសត្វ ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច។

ទោះបីជាយ៉ាងណា កន្លងមក លោក ពូទីន បានលើកសរសើរម្តងហើយម្តងទៀត អំពីភាពធន់នៃសេដ្ឋកិច្ចប្រទេសរុស្ស៊ី ប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច ប៉ុន្តែអំណាចទិញរបស់ប្រជាជនរុស្ស៊ីកំពុងធ្លាក់ចុះ ជាមួយនឹងអតិផរណា ដែលកើនឡើងដល់ ៧.៥ភាគរយនៅក្នុងខែវិច្ឆិកាឆ្នាំនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner