ឯកឧត្តម ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយ ភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Matthieu LE GRIX នាយកផ្នែកកសិកម្ម អភិវឌ្ឍន៍ជនបទ ជលផល និងជីវៈចម្រុះ នៃភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ និងគម្រោងអភិវឌ្ឍក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាល់គម្រោងអភិវឌ្ឍត្រូវមានការសិក្សា និងធ្វើឱ្យចំគោលដៅ ស្របតាមគោលនយោបាយ ធ្វើឱ្យប្រសើរឡើងក្នុងខ្សែច្រវាក់តម្លៃ កាត់បន្ថយថ្លៃដើម ទទួលបានតម្លៃបន្ថែមខ្ពស់ ផ្តល់ផលចំណេញដល់កសិករ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ ។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គម្រោងអភិវឌ្ឍត្រូវមានការចូលរួម និងដឹកនាំអនុវត្តដោយក្រសួង ដើម្បីធានានូវប្រសិទ្ធភាពការគ្រប់គ្រង និងមានភាពម្ចាស់ការក្នុងការអនុវត្តស្របតាមគោលនយោបាយពិតប្រាកដ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបាននិងកំពុងជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីជួយកសិករ ទាំងបញ្ហាបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner