មន្ត្រីកំពូលអាមេរិក៖ មិនត្រឹមត្រូវទេ! បើអ៊ីស្រាអែលកាន់កាប់តំបន់ហ្គាហ្សា រយៈពេលយូរ
MC. ហ្ស៊េរុយសាឡិម៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា វាមិនសមរម្យសម្រាប់អ៊ីស្រាអែល ក្នុងការកាន់កាប់តំបន់ Gaza រយៈពេលវែងនោះទេ ដោយសារទង្វើបែបនេះនឹងជំរុញសង្គ្រាម ម្តងហើយម្តងទៀត ក្នុងតំបន់នេះ ទៅថ្ងៃអនាគត។
Read. លោក Sullivan បានប្រាប់អ្នកកាសែត នៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសុក្រ សប្តាហ៍នេះថា «យើងមិនជឿថា វាសមហេតុផលសម្រាប់អ៊ីស្រាអែល ឬត្រឹមត្រូវសម្រាប់អ៊ីស្រាអែល ក្នុងការកាន់កាប់ Gaza ក្នុងរយៈពេលវែងនោះទេ»។
លោក Sullivan បាននិយាយបែបនេះ បន្ទាប់ពីមានកិច្ចប្រជុំ ជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសអ៊ីស្រាអែល។
លោក Sullivan បានបន្តថា «នៅទីបំផុតទៅ ការគ្រប់គ្រងតំបន់ហ្កាហ្សា រដ្ឋបាលតំបន់ហ្កាហ្សា និងសន្តិសុខតំបន់ហ្កាហ្សា ត្រូវផ្លាស់ប្តូរទៅឲ្យប៉ាឡេស្ទីន»។
យោងតាមមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រផ្នែកយោធាដ៏សំខាន់របស់អ៊ីស្រាអែល ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប។
សង្គ្រាមបានផ្ទុះឡើង កាលពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ ដែលបានសម្លាប់មនុស្សប្រហែល ១២០០ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារការវាយប្រហារសងសឹករបស់អ៊ីស្រាអែល មិនឈប់ឈរ បានកើនដល់ជិត១៩០០០នាក់ហើយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត