ប្រធានាធិបតី ពូទីន និយាយថា «គ្មានការចាំបាច់» ក្នុងការកេណ្ឌទ័ពថ្មីនៅរុស្ស៊ីទេ
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា មកដល់ពេលនេះ មិនមានភាពចាំបាច់ក្នុងការកេណ្ឌទ័ពថ្មីបន្ថែមទៀត លើប្រតិបត្តិការវាយលុករបស់វិមានក្រឹមឡាំង ប្រឆាំងនឹងអ៊ុយក្រែនទេ។
លោក ពូទីន បានអះអាងថា ទាហាន ចំនួន៤៨៦០០០នាក់បានចុះឈ្មោះ ស្ម័គ្រចិត្តធ្វើជាទាហានប្រយុទ្ធ បន្ទាប់ពីទាហាន ៤១០០០ នាក់ បានឈានដល់អាយុកំណត់ ឬ មានហេតុផលសុខភាព។
លោកពូទីនបានបន្តទៀតថា ទាហានសរុបប្រមាណ ៣០ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ កំឡុងប្រតិបត្តិការវាយលុករបស់វិមានក្រឹមឡាំង ប្រឆាំងនឹងអ៊ុយក្រែន រយៈពេលជិត២ឆ្នាំកន្លងទៅនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ លោក ពូទីន ថែមទាំងនិយាយផងដែរថា ទាហានស៊ីឈ្នួលដែលកំពុងប្រយុទ្ធដើម្បីរុស្ស៊ី នៅអ៊ុយក្រែន គួរតែមានសិទ្ធិទទួលបានផលប្រយោជន៍សង្គមទាំងអស់ និងការគាំទ្រណាមួយពីរដ្ឋ ដូចអ្នកប្រយុទ្ធផ្សេងទៀតដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត