វាយកូនបាល់ជើងឯកថ្នាក់ជាតិឆ្នាំនេះមាន ៩ក្លិបចូលរួមប្រកួតប្រជែង
(ភ្នំពេញ)៖ លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាប្រធានគណៈកម្មការគ្រប់គ្រងការប្រកួត បានបញ្ជាក់ឲ្យដឹងថា ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៣ ដែលរៀបចំដោយសហព័ន្ធ ក្រោមការឧបត្ថម្ភថវិកាគាំទ្រដោយក្រសួងអប់រំយុវជន និងកីឡា មានក្លិបចូលរួមប្រកួតប្រជែងសរុបចំនួន៩ ក្លិប មានដូចជា៖ ក្លិបកីឡាវាយកូនបាល់ អូឡាំពិក ក្លិបកីឡាវាយកូនបាល់ ក្រសួងការពារជាតិ ក្លិបកីឡាវាយកូនបាល់ក្រសួងមហាផ្ទៃ ក្លិបកីឡាវាយកូនបាល់ ខេត្តបាត់ដំបង ក្លិបកីឡាវាយ កូនបាល់ខេត្តសៀមរាប ក្លិបកីឡាវាយកូនបាល់ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក្លិបកីឡាវាយកូនបាល់ខេត្តតាកែវ ក្លិបកីឡាវាយកូនបាល់ ខេត្តព្រះវិហារ និងក្លិបកីឡា វាយកូនបាល់ឌីវេនកូ ។

អគ្គលេខាធិការរង បានគូសបញ្ជាក់ទៀតថា ការប្រកួតនេះចាប់ប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៣ សរុបកីឡាករការិនី ៥៧នាក់ ក្នុងនោះ មានកីឡាករចំនួន ៥១ នាក់ និងកីឡាការិនី ៦នាក់ ដោយធ្វើការប្រកួតលើ៤វិញ្ញាសា រួមមាន វិញ្ញាសាវាយឯកត្តជនបុរស វិញ្ញាសាវាយឯកត្តជននារី វិញ្ញាសាវាយគូ និងវិញ្ញាសាវាយយុវជនក្រោមអាយុ ១៨ឆ្នាំ ។

លោកថា ការប្រកួតថ្នាក់ជាតិឆ្នាំ២០២៣នេះ កីឡាករការិនីចូលរួមមានសមត្ថភាពលេចធ្លោខ្លាំងជាងការប្រកួតឆ្នាំមុនៗ ខណៈក្លិបនៅតាមបណ្តាលខេត្តកីឡាករការិនីទទួលបានការហ្វឹកហាត់បណ្តុះបណ្តាលច្រើន តាមរយៈយុទ្ធសាស្រ្តពង្រឹងគុណភាព ដោយបណ្តុះបណ្តាលគ្រូជំនាញឲ្យបានច្រើននៅតាមបណ្តាខេត្ត ។

អគ្គលេខាធិការរងរូបនេះ បញ្ជាក់ទៀតថា ការប្រកួតថ្នាក់ជាតិនេះ គឺជាការប្រកួត ដើម្បីចំរាញជ្រើសរើសរកកីឡាករការិនីមានគុណភាព ក្លាយជាជម្រើសទី១ ត្រៀមធ្វើតេចូលក្នុងក្រុមជម្រើសជាតិហ្វឹកហាត់ឆ្ពោះទៅការប្រកួតនានាលើឆាកអន្តរជាតិ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃក្នុងឆ្នាំ២០២៥ ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ