ស្រ្តីអាហ្វហ្គានីស្ថានប្រឈមនឹងការស្លាប់ពេលសម្រាលកូន
កាប៊ុល៖ ពេទ្យឆ្មបប្រមាណ ១០០នាក់នៅមន្ទីរពេទ្យ ដែលគ្រប់គ្រងដោយវេជ្ជបណ្ឌិតគ្មានព្រំដែន ហៅកាត់ថា (MSF) បានស្ថិតនៅសមរភូមិជួរមុខ ដើម្បីកាត់បន្ថយអត្រាមរណភាពមាតានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
អាហ្វហ្គានីស្ថាន គឺជាប្រទេសមួយក្នុងចំណោមប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេនៅលើពិភពលោក ពាក់ព័ន្ធនឹងមរណភាពស្រ្តីក្នុងពេលសម្រាលកូន។ ក្នុងនោះមានស្ត្រីម្នាក់ស្លាប់រៀងរាល់ពីរម៉ោងម្តង នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យអង្គការសហប្រជាជាតិនៅដើមខែធ្នូនេះ។
ស្រ្តីជាអ្នកជំងឺម្នាក់បាននិយាយថា យើងមកមន្ទីរពេទ្យ ដើម្បីចៀសវាងការស្លាប់ និងជួយសង្គ្រោះទារករបស់យើង។ ប្រធានពេទ្យឆ្មបនៅមន្ទីរពេទ្យបញ្ជាក់ថា ការលំបាកធំ គឺថា ពេលខ្លះយើងទទួលអ្នកជំងឺដែលមកយឺតពេលពេក ហើយបន្ទាប់មកវាយឺតពេលសម្រាប់យើង ក្នុងការជួយសង្គ្រោះជីវិតរបស់ពួកគេ។ កាតព្វរបស់យើងនៅទីនេះ គឺកាត់បន្ថយអត្រាមរណៈភាពមាតា និងទារកដែលទើបនឹងកើត។
យោងតាមតួលេខចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៧ ស្ត្រីចំនួន៦៣៨នាក់បានស្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅពេលសម្រាលកូនចំនួន ១០០,០០០លើក បើធៀបនឹងសហរដ្ឋអាមេរិកមានតែ ១៩នាក់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា តួលេខនេះ ហាក់លាក់បាំងភាពខុសគ្នាដ៏ធំរវាងតំបន់ជនបទ និងទីក្រុងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា




