រដ្ឋបាលស្រុកក្រឡាញ់ ជំរុញឱ្យក្រុមហ៊ុនប្រមូលដឹកជញ្ជូន សំរាម និងសំណល់រឹង ដើម្បីពន្លឿនការដុតសំរាម
(សៀមរាប)៖ រដ្ឋបាលស្រុកក្រឡាញ់ ជំរុញឱ្យក្រុមហ៊ុន ប្រមូល ដឹកជញ្ជូនសំរាម និងសំណល់រឹង ពន្លឿនការដុតសំរាមដែលកំពុងបង្កការ រំខានដល់ប្រជាពលរដ្ឋ ។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ និងមន្ត្រីជំនាញការិយាល័យស្រុក ក្រុមប្រឹក្សឃុំ-ប៉ុស្តិនគរបាលកំពង់ថ្កូវ បានចុះពិនិត្យទីតាំងឡដុតសំរាម ដែលមាន ទីតាំងស្ថិតនៅភូមិកំពង់ថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកអភិបាលស្រុក បានបង្ហាញថា ដោយសារទីតាំងនេះ ជាទីតាំងឡដុតសំរាម មិនមែនជាទីលានចាក់សំរាមទេ ដូច្នេះហើយ ពេលសំរាមច្រើនលើសលប់ បាន ធ្វើឱ្យមានការរាំងស្ទះក្នុងការដុត អោយបានទាន់ពេលវេលា ទើបធ្វើឱ្យ មាន ក្លិន បង្កការរំខាន និងប៉ះពាល់ដល់បរិស្ថានជុំវិញនោះ ។

លោកអភិបាលស្រុក បានបន្ថែមទៀតថា កន្លងមករដ្ឋបាលស្រុក បានចាត់ វិធានការដោះស្រាយ ដើម្បីកែលម្អទីតាំងឡដុតសំរាមនេះជាបន្តបន្ទាប់ ហើយក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជនស្រុក គឺត្រូវពន្លឿនការដុតសំរាមជាប្រចាំថ្ងៃ និងត្រូវដឹកយកសំរាម ដែលនៅសេសសល់យកទៅចាក់ឬ កប់នៅទីលានដែលសមស្របផងដែរ។

ជាពិសេសក្រុមហ៊ុនត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវតាមល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងជាមួយរដ្ឋបាលស្រុកក្នុងការអនុវត្តមុខងារប្រមូល ដឹកជញ្ជូន និងដុតសំរាម សំណល់រឹងក្នុងទីប្រជុំជនស្រុកក្រឡាញ់អោយល្អប្រសើរជៀសវាងកសរសាយភាយក្លិនបង្កការរំខាន និងប៉ះពាល់ដល់បរិស្ថានជាដើម៕
ដោយ ស៊ាន សុផាត
