ពិព័រណ៍ម្ហូបខ្មែរក្នុងឱកាសឆ្លងឆ្នាំសកល២០២៣ របស់ខេត្ត បាត់ដំបងឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំខុសប្លែកពីឆ្នាំមុន

បាត់ដំបង៖មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បាន ឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបខ្មែរនៅ ក្នុងឱកាស ឆ្លង ឆ្នាំសកល២០២៣ ឆាប់ៗខាងមុខនេះរំពឹងថា នឹងមាន ភាព អធិកអធមកុះករច្រើនជាងឆ្នាំមុនពីព្រោះរដ្ឋបាលខេត្ត បានត្រៀម រៀបចំនូវពិព័រណ៍ម្ហូបខ្មែររយៈពេល៣ថ្ងៃចាប់ពីថ្ងៃ ទី២៩ខែធ្នូដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣។ព្រឹត្តិការណ៍ នេះក៏ ដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសកល២០២៣ឈានចូល២០២៤ផងនិងជាពិសេសទៀតនោះដើម្បីអបអរសាទរចំពោះទីក្រុងបាត់ដំបងត្រូវបានចុះបញ្ជីបណ្ដាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ។ម៉្យាងទៀតក៏ ដើម្បីទាក់ ទាញ ទេសចរជិតឆ្ងាយក្នុងប្រទេសនិងក្រៅប្រទេសផងដែរ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថាពិព័រណ៍ម្ហូបខ្មែរនៅឆ្នាំនេះគ្រោងធ្វើឡើង ដោយ មានទ្រង់ទ្រាយធំជាងឆ្នាំមុន និងឱ្យកាន់តែមានភាពទាក់ទាញ ដល់អ្នកដែលមកចូលរួមទស្សនាឱ្យបានច្រើនថែមទៀត ដើម្បី ឱ្យស័ក្តិសមជាទីក្រុងដែលត្រូវបានចុះបញ្ជីបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ(UCCN) ផ្នែកម្ហូបអាហារ នា ពេលកន្លងទៅថ្មីៗនេះ។

លោក ហម អរុណ បានបញ្ជាក់ឱ្យដឹងទៀតថាក្នុង រយៈពេល ៣ ថ្ងៃនៃពិព័រណ៍ម្ហូបអាហារខ្មែរនេះក៏នឹងមានការរៀប ចំនូវ ព្រឹត្តិការណ៍ ពិសេសៗផ្សេងៗទៀតដើម្បីបម្រើដល់ ការ សប្បាយរីករាយក្នុងការផ្តិតយករូបភាពអនុស្សាវរីយ៍និងបានទស្សនានូវទស្សនីយភាពប្លែកៗដែលត្រូវរៀបចំនៅតាមដងផ្លូវលេខ១ចាប់ពីបរិវេណវិមានឯករាជ្យរហូតមកដល់មុខសាលាខេត្ត។ក្នុងនោះមានដូចជារៀបចំឱ្យមានភូមិម្ហូបខ្មែរ, ពិព័រណ៍ ស្នាដៃម្ហូបអាហារនិងផលិតផលរបស់បណ្តាមន្ទីរអង្គភាពក្រុង-ស្រុកទូទាំងខេត្ត,ពិព័រណ៍ម្ហូបអាហារស្នាដៃអ្នកបាត់ដំបងនិងពិព័រណ៍ភូមិមួយ-ផលិតផលមួយ ព្រមទាំងការសម្តែងសិល្បៈ ការសម្តែងសៀក,ការប្រគំតន្រ្តីខ្នាតយក្សនៅក្នុងក្រុង និងពិធី បាញ់កាំជ្រួចអបអរនៅរាត្រីឆ្លងឆ្នាំជាដើម ។ល។

សូមជម្រាបថា កន្លងទៅថ្មីៗនេះ ឯកឧត្តម សុខ លូ អភិបាល ខេត្ត បាត់ដំបង បានបើកកិច្ចប្រជុំណែនាំនិងជំរុញដល់អាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវត្រៀមលក្ខណៈជាមុនក្នុង ការរៀបចំព្រឹត្តិការណ៍នេះឱ្យបានរួចជាស្រេចដើម្បីញ៉ាំងឱ្យការរៀបចំពិព័រណម្ហូបអាហារនិងកម្មវិធីឆ្លងឆ្នាំសកល២០២៣នេះប្រព្រឹត្តទៅដោយមហាឡារឹកនិងបង្កនូវបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋទាំងជាតិនិងងអន្តរជាតិដែលមកចូលរួមបានសប្បាយរីករាយផងនិងបានទទួលនូវការយល់ដឹងកាន់ ស្គាល់ច្បាស់ថែមទៀត ពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្ត និងការរីកចម្រើនរបស់ខេត្តដើម្បីត្រៀមខ្លួនប្រែក្លាយទីក្រុងបាត់ដំបងទៅជាទីក្រុងឆ្លាតវៃ (SmartCity) ក្នុងពេលខាងមុខ។

គួររំលឹកថាក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២២កន្លងទៅ រដ្ឋបាលខេត្តបាត់ដំបងដោយមានការ ចូលរួមពីមន្ទីរជំនាញ ពាក់ព័ន្ធ បណ្តាស្ថាប័នមន្ទីរអង្គភាព និង រដ្ឋបាល ក្រុង-ស្រុក បានរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនិងការដាក់តាំងបង្ហាញមុខម្ហូបនិងបង្អែមខ្មែរអ្នកខេត្តបាត់ដំបង ដែល ល្បីល្បាញ ព្រមទាំងបានរៀបចំកម្មវិធីកម្សាន្តសប្បាយ ផ្សេងៗ ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិបាន ប្រមាណ ជាង២០ម៉ឺននាក់ និងទទួលបានចំណាត់ថ្នាក់ពីការប្រឡង ប្រណាំងទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកល ល្អ ជាងគេ(Bestcountdown) តាមរយៈនៃការបោះឆ្នោត តាមប្រព័ន្ធអនឡាញ។ជាខេត្តមានការរៀបចំនូវ កម្មវិធីដែល មាន លក្ខណៈទាក់ទាញពិសេសៗនៅតាមទីតាំងផ្សេងៗគ្នា។មានអ្នកចូលរួមច្រើនកុះករ និងមានការរៀបចំរបាយការណ៍ តួលេខ និងរូបភាពបានល្អ ច្បាស់លាស់ និងទាន់ពេលវេលា។

ដោយឡែកសម្រាប់ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៣នេះអ្នករៀបចំកម្មវិធីរំពឹងថានិងមានអ្នកមកចូលរួមយ៉ាងច្រើនជាងឆ្នាំកន្លងទៅ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner