ភ្នំភ្លើងផ្ទុះឡើងនៅឥណ្ឌូនេស៊ី បញ្ចេញផេះចម្ងាយ១.៥គីឡូម៉ែត្រ
ហ្សាការតា៖ ភ្នំភ្លើងមួយនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ ដោយបានបញ្ចេញផេះភ្នំភ្លើង មានចម្ងាយចន្លោះពី ១គីឡូម៉ែត្រទៅ១.៥គីឡូម៉ែត្រពីកំពូល ហើយធ្លាក់លើភូមិនៅជុំវិញវា។
ស្ថានភាពនៃភ្នំភ្លើង Lewotobi Laki-Laki ក្នុងខេត្ត East Nusa Tenggara ថ្មីៗនេះ ត្រូវបានដំឡើងដល់កម្រិតទាបបំផុតទីបី នៃប្រព័ន្ធប្រកាសអាសន្នចំនួនបួនរបស់ប្រទេសឥណ្ឌូនេស៊ី ដោយសារការកើនឡើងសកម្មភាពភ្នំភ្លើង។ អាជ្ញាធរបានកំណត់តំបន់គ្រោះថ្នាក់ក្នុងចម្ងាយ ២គីឡូម៉ែត្រពីកំពូលភ្នំភ្លើង។
ក្រោយការព្រមានរបស់អាជ្ញាធរ ទីបំផុតភ្នំភ្លើងស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ីមួយនេះ បានផ្ទុះឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ ដោយបានបញ្ចេញផេះភ្នំភ្លើង មានចម្ងាយចន្លោះពី ១គីឡូម៉ែត្រទៅ១.៥គីឡូម៉ែត្រពីកំពូល ហើយធ្លាក់លើភូមិនៅជុំវិញវា។
បច្ចុប្បន្នមិនមានសេចក្តីរាយការណ៍ពីចំនួនមនុស្សរងរបួស ឬទំហំនៃការខូចខាតនៅឡើយទេ។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីមានទីតាំងភូមិសាស្ត្រ ស្ថិតនៅចំកន្លែងមួយនៃភពផែនដី ដែលងាយនឹងកើតមានគ្រោះធម្មជាតិណាស់។ ឥណ្ឌូនេស៊ីលាតសន្ធឹងនៅលើផ្នែកម្ខាងនៃសមុទ្រប៉ាស៊ីហ្វិក និងម្ខាងទៀតគឺប្រទេសជប៉ុន ឬអាចនិយាយបានស្ថិតនៅចំអាងនៃសមុទ្រប៉ាស៊ីភិច។
ហើយតំបន់ដែលស្ថិតនៅចំអាងសមុទ្រប៉ាស៊ីហ្វិកនេះ គឺសម្បូរគ្រោះរញ្ជួយដី និងភ្នំភ្លើងណាស់។ តួយ៉ាងកាលពីដើមខែនេះ ភ្នំMarapi ដែលមានន័យថា “ភ្នំភ្លើង” នៅកោះស៊ូម៉ាត្រា បានផ្ទុះឡើង ហើយមនុស្ស ២២នាក់បានស្លាប់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

