Tesla បើករោងចក្រអាគុយខ្នាតយក្សថ្មីមួយទៀតនៅទីក្រុងសៀងហៃ

សៀងហៃ៖ ក្រុមហ៊ុន Tesla បានបើកដំណើរការជាផ្លូវការ នូវគម្រោងរោងចក្រផលិតអាគុយផ្ទុកថាមពលអគ្គិសនីទំហំធំ (Megapacks) នៅទីក្រុងសៀងហៃ កាលពីសប្តាហ៍មុន ជារោងចក្រខ្នាតយក្សទីពីររបស់ខ្លួននៅប្រទេសចិន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនរាយការណ៍ថា តំណាងក្រុមហ៊ុន Tesla បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទទួលបានដីសាងសង់រោងចក្រនៅជាយក្រុងសៀងហៃ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ រោងចក្រនេះ ត្រូវបានគេរំពឹងថា នឹងផលិតអាគុយផ្ទុកថាមពលអគ្គិសនីទំហំធំ (Megapack) បានរហូតដល់ ១០,០០០គ្រឿងក្នុងមួយឆ្នាំ ហើយវានឹងចាប់ផ្តើមដំណើរការនៅត្រីមាសទី១ ឆ្នាំ ២០២៤ ហើយនឹងចាប់ផ្តើមការផលិតអាគុយនៅត្រីមាសទី៤។

ក្រុមហ៊ុន Tesla បានបញ្ជាក់ថា អាគុយផ្ទុកថាមពលអគ្គិសនីទំហំធំ (Megapack) របស់ខ្លួន អាចផ្ទុកថាមពល និងស្ថេរភាពផ្គត់ផ្គង់អគ្គិសនី លើសពី៣មេហ្គាវ៉ាត់ម៉ោង។ រោងចក្រនេះនឹងក្លាយជារោងចក្រទីពីររបស់ក្រុមហ៊ុន Tesla នៅក្នុងទីក្រុងរបស់ប្រទេសចិន បន្ទាប់ពីក្រុមហ៊ុន Shanghai Gigafactory ដ៏ធំរបស់ខ្លួន ដែលបានបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០១៩។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Tesla មានរោងចក្រ Megafactory នៅទីក្រុង Lathrop រដ្ឋកាលីហ្វ័រញ៉ា ដែលមានសមត្ថភាពផលិតអាគុយផ្ទុកថាមពលអគ្គិសនីទំហំធំ (Megapack) បានរហូតដល់ ១០,០០០គ្រឿងជារៀងរាល់ឆ្នាំ ប៉ុន្តែចំនួននេះអាចត្រឹមតែផ្គត់ផ្គង់នៅរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ ដូច្នេះហើយទើប Tesla សម្រេចបង្កើតរោងចក្រថ្មី ដើម្បីបង្កើនការផលិតសម្រាប់ផ្គត់ទៅតាមបណ្តាប្រទេសផ្សេង នេះបើយោងតាមគេហទំព័ររបស់ Tesla៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner