មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញដល់កងកម្លាំងសមត្ថកិច្ច យកចិត្តទុកដាក់ បង្ក្រាប បទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាពខ្ពស់
ព្រៃវែង៖ ឯកឧត្តម សន្តិបណ្ឌិតចាន់ អ៑ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងជំរុញដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់អនុវត្ត បង្ក្រាបបទល្មើសផ្សេងៗជាពិសេសគ្រឿងញៀនដែលធ្វើឲ្យមានអសន្តិសុខសណ្តាប់ធ្នាប់សង្គម ។
ការថ្លែងរបស់ ឯកឧត្តមសន្តិបណ្ឌិតចាន់ អ៑ាន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ក្នុងខេត្តព្រៃវែង ដែលមានការចូលរួមពីលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ។
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួងមហាផ្ទៃ បានសម្រេចនូវសមិទ្ធផល និងស្នាដៃជាច្រើន ទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំគោលនយោបាយ និងការដាក់ចេញគោលការណ៍ប្រតិបត្តិ អនុលោមតាមផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងបេសកកម្មថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
ឯលឧត្តមអភិបាលខេត្ត បន្តថា ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង បានយកចិត្តទុកដាក់ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទទួលបានលទ្ធផលរួមមានដូចខាងក្រោម៖ បទល្មើសព្រហ្មទណ្ឌ៖ កើតឡើងចំនួន ២៧៤លើក លើ ៥៦លើក បើប្រៀបធៀបនឹងឆ្នាំ២០២២ មានការកើនឡើង ២១៨លើក ស្មើនឹង ៣៨៩%។ បង្ក្រាបបាន ១៥៩លើក លើ ២៧៤ លើក ស្មើនឹង ៥៨% នៃបទល្មើសកើតឡើង បានឃាតខ្លួនចំនួន ២៣៨ នាក់។
ឯកឧត្តម បានបន្ថែមថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញទិសដៅអនុវត្តដូចខាងក្រោម៖ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវបន្តជំរុញយន្តការទទួលខុសត្រូវដឹកនាំត្រួតពិនិត្យ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានសកម្មភាពផុសផុលបន្ថែមទៀត ។ បន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងរៀបចំវេទិកាសាធារណៈ នៅតាមសហគមន៍ភូមិ ឃុំ និងអង្គភាពនានា ។ គ្រប់ឃុំ សង្កាត់ត្រូវពង្រឹង និងជំរុញសកម្មភាពក្រុមប្រជាការពារឲ្យចូលរួមរក្សាការពារសន្តិសុខ សុវត្ថិភាពតាមសហគមន៍ ។ ជំរុញសកម្មភាពក្រុមប្រឹក្សាប្រឡងប្រណាំង ធ្វើការត្រួតពិនិត្យវាយតម្លៃ ចំពោះឃុំ សង្កាត់ និងបុគ្គលដែលមានស្នាដៃ ដើម្បីលើកសរសើរជូនរង្វាន់ឲ្យសមស្រប ។
ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរ នឹងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្ត របស់រដ្ឋបាលខេត្តនាពេលកន្លងមក ធ្វើយ៉ាងណាដើម្បីធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានល្អប្រសើរ ជាពិសេសការអនុវត្តនៅភូមិឃុំ មានសុវត្ថិភាពជូនគាត់បានយ៉ាងល្អ ។
ឯកឧត្តមសន្តិបណ្ឌិត ក៏សូមឲ្យរដ្ឋបាលខេត្តក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្ត ខិតខំជំរុញ អនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះ ឲ្យកាន់ តែប្រសើរឡើងបន្ថែមទៀតធ្វើយ៉ាងណា ឲ្យសម្រេចបាននៅយុទ្ធសាស្ត្រ ចក្ខុ វិស័យ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងការធានានៅ សុវត្ថិភាព សាធារណៈ សន្តិសុខសណ្ដាប់ធ្នាប់ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន ទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះ ៕
ដោយ ៖ នុត នាង






