ប្រតិភូជាតិ និងអន្តរជាតិជាង ៤ ០០០នាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី នឹងចូលរួមមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤
ភ្នំពេញ៖សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ចេស៊ីអាយ (JCI CAMBODIA) និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ នៅលើទឹកដីខេត្តសៀមរាប រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំកម្មវិធីមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វីកប្រចាំឆ្នាំ២០២៤ កាលពីថ្ងៃទី២៣ ខែធ្នូ លោក ឃឹម ប៊ុនឡែន ប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានលើកឡើងថា កម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤។
លោកបានថ្លែងថា ៖ «រាជរដ្ឋាភិបាលតែងតែផ្តល់ក្តីសង្ឃឹម ការគាំទ្រ និងលើកទឹកចិត្ត ទើបយើងមានភាពក្លាហានក្នុងការរៀបចំកម្មវិធីនេះ។ ប្រសិនបើប្រទេសជាតិយើងមិនមានសុខសន្តិភាព មិនមានសុវត្ថិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ចមិនល្អនោះទេ ដាច់ខាតយើងមិនអាចរៀបចំកម្មវិធីនេះទេ។ ខ្ញុំសូមអរគុណរដ្ឋាភិបាល ដែលបានធ្វើរឿងធំៗជាច្រើន ដើម្បីជាកត្តាជំរុញឱ្យយើងអាចធ្វើរឿងនេះបាន»។
ក្នុងសន្និសីទសារព័ត៌មាននោះដែរ កញ្ញា ដែក ដារី ប្រធានគណៈកម្មាធិការរៀបចំមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វីកប្រចាំឆ្នាំ២០២៤ បានលើកឡើងដែរថា កម្មវិធីមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ (2024 JCI ASIA-PACIFIC CONFERENCE) នេះ នឹងមានការចូលរួមពីប្រតិភូជាតិ និងអន្តរជាតិជាង៤ ០០០នាក់ ដែលមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ដូចជា ជប៉ុន កូរ៉េ ហុងកុង តៃវ៉ាន់ សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងបណ្តាប្រទេសជាច្រើនផ្សេងទៀតក្នុងពិភពលោក។
កញ្ញាបានបន្តថា កម្មវិធីសំខាន់ៗ ក្នុងមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វីកប្រចាំឆ្នាំ២០២៤នោះមានចំនួន៣ ដែលនឹងកើតឡើង ក្នុងនោះរួមមាន ការផ្គូរផ្គងពាណិជ្ជករក្នុងស្រុក និងក្រៅស្រុក, ការផ្លាស់ប្តូរវប្បធម៌ និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងជំនាញពាណិជ្ជកម្មផ្សេងៗ។
កញ្ញា ដែក ដារី បានថ្លែងបញ្ជាក់ថា ៖ «បច្ចុប្បន្ននេះ ក្រុមការងារ បានកំពុងរៀបចំការងារស្នូលសំខាន់ៗ ដើម្បីឱ្យការរៀបចំកម្មវិធីនេះដំណើរការទៅដោយរលូន។ ក្រុមការងារយើងពិបាក ហត់ ប៉ុន្តែសប្បាយចិត្តក្នុងការធ្វើកិច្ចការទាំងនោះដើម្បីរៀបចំការងារសំខាន់ និងផលិតវិដេអូផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ដ៏ផូរផង់ ពីការរីកចម្រើនឥតឈប់ឈរនៅកម្ពុជា ដើម្បីបង្ហាញពីសក្តានុពលដ៏សំបូរបែបរបស់កម្ពុជា»។
ជាមួយគ្នានោះដែរ JCI Cambodia និងសហភាពសហព័ន្ធយុវជនកម្ពុជា រំពឹងថានឹងជួយបង្កើនសេដ្ឋកិច្ចជាតិ បានប្រមាណជាង៤លានដុល្លារអាមេរិក តាមរយៈការចូលមកទស្សនា និងចូលរួមកម្មវិធីមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ នេះ។
លោក សុខ សប្បាយណា សមាជិកគណៈអចិន្តៃ្រយ៍ នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ដែលបានចូលរួមសន្និសីទសារព័ត៌មាននេះ បានលើកឡើងដោយបានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដោយសូមកោតសរសើរ និងអបអរសាទរដល់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ដោយទទួលបានឱកាស និងទំនុកចិត្តពីសភាយុវពាណិជ្ជករអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការរៀបចំមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ នាទឹកដីខេត្តសៀមរាប។
យោងតាមរយៈកិច្ចសហការនេះ ស.ស.យ.ក. នឹងផ្តល់ឱកាសស្ម័គ្រចិត្តដល់យុវជនចូលរួម បង្ហាញពីភាសាបេះដូងសម្រាប់កម្ពុជាផងដែរ។
សូមបញ្ជាក់ដែរថា សន្និបាតអាស៊ីប៉ាស៊ីហ្វិក របស់សភាយុវពាណិជ្ជអន្តរជាតិ ដែលមានសមាជិកជាង១២០ ប្រទេស ត្រូវបានកំណត់ឱ្យរៀបចំមួយឆ្នាំម្តង។ ក្រោយការខិតខំរបស់ក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិក សមាជិការបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា រយៈពេលជាង១០ឆ្នាំកន្លងមកនេះ កម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃសន្និបាតអាស៊ីប៉ាស៊ី។
ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃសន្និបាតនេះ នឹងធ្វើឱ្យកម្ពុជាមានឱកាស ក្នុងការផ្សព្វផ្សាយ តំបន់វប្បធម៌ប្រវត្តិសាស្រ្ដ ទំនៀមទម្លាប់ប្រពៃណីឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់៕
ដោយ៖នាង សុគន្ធា

